អង្គការអន្តរជាតិខាងការងារ រកឃើញថា កម្ពុជាអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ភាគរយ ឈរលំដាប់ទី២នៅលើពិភពលោក
ភ្នំពេញ៖អង្គការអន្តរជាតិខាងការងារឬអាយឡូ (ILO)បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០.៥ភាគរយដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់៩៩.៥ភាគរយដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម១៨៥ប្រទេស។ នេះបើតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពដដែលបន្តថា តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការនេះបានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។
តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយរបស់អង្គការអន្តរជាតិខាងការងារ ដែលបានកំណត់ថា អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។
ដោយឡែកអ្នកគ្មានការងារធ្វើសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។
ក្រសួងបន្តថា ដោយផ្អែកលើនិយមន័យនេះ សង្កេតឃើញថា ប្រទេសនៅលើពិភពលោក បានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។
យោងតាមប្រភពទិន្នន័យរបស់ ILOនេះ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១ភាគរយ ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ៕ ដោយ៖ សុខ រក្សា


