ហ្សេលេនស្គី អះអាងពីការរុលឆ្ពោះទៅមុខរបស់កងទ័ពវាយបកអ៊ុយក្រែនក្នុងសមរភូមិ ដោយច្រានចោលការរិះគន់

កៀវ៖ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​ថា​ កង​ទ័ព​អ៊ុយក្រែន​កំពុង​រុល​ឆ្ពោះ​ទៅ​មុខ​ ក្នុង​ប្រតិបត្តិការ​វាយ​បក​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី​នៅ​សមរភូមិ​ ​ដោយ​​ច្រាន​ចោលការ​អះ​អាង​របស់​​មន្ត្រី​លោក​ខាង​លិច​ដែល​​ថា​ ប្រតិបត្តិការ​ទ័ព​របស់​អ៊ុយក្រែន​ដើរ​គើម​ៗ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉យទ័រ​។​

​លោក​ ហ្សេលេនស្គី​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សារ​តេឡេក្រាម​​​ថា ​​៖ «​កង​កម្លាំង​អ៊ុយក្រែន​កំពុង​រុល​ឆ្ពោះ​​ទៅ​មុខ​។ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ ​និង​មិន​ថា​នរណា​ម្នាក់​និយាយ​អ្វី​ក៏​ដោយ​ យើង​កំពុង​ឈាន​ទៅ​​មុខ​ ហើយ​នោះ​ជា​រឿង​សំខាន់​បំផុត​»។

គួរ​​​បញ្ជាក់ដែរ​​ថា​ តាម​រយៈ​ប្រតិបត្តិការ​វាយ​បក​​ ដែល​ឈាន​ជិត​ដល់​បី​ខែ​ទៅ​ហើយ​នោះ​ អ៊ុយក្រែន​បាន​​ដណ្តើម​យក​បាន​ភូមិ​រាប់​សិប​មក​វិញ​ពី​កង​ទ័ព​រុស្ស៊ី​ ។ប៉ុន្តែ​មិន​ដណ្ដើម​បាន​​កន្លែង​​សំខាន់​ៗ​នោះ​ទេ ដោយ​សារ​តែ​​ទាហាន​អ៊ុយក្រែន​ត្រូវ​ប្រឈម​មុខ​នឹង​វាល​មីន​ និង​កង​ការ​ពារ​នៅ​សមរភូមិ​ជួរ​មុខ​ដ៏​ធំ​របស់​រុស្ស៊ី​។ ​​​

ថ្មី​ៗ​នេះ ​មន្ត្រី​អាមេរិក​​មិន​បញ្ចេញ​ឈ្មោះ​ បា​ន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ដំណើរ​ការ​យឺត​​យ៉ាវ​នៃ​ប្រតិបត្តិការ​វា​យ​បក​របស់​អ៊ុយក្រែន​ រួម​ទាំង​​កំហុស​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​លោក​ខា​ង​លិច​ផ្សេង​ៗ​ ដែល​បង្ក​ឱ្យ​មាន​ការ​​​ខឹង​សម្បារ​ពី​អ៊ុយក្រែន​។  ​

​បច្ចុប្បន្ន​មាន​ការ​ភ័យ​ខ្លាច​ដែល​ថា​ ​ការ​គាំទ្រ​របស់​បស្ចិម​ប្រទេស​អាច​ចាប់​ផ្តើម​ធ្លាក់​ចុះ​ ដោយ​សារ​​បញ្ហា​​អាកាស​ធាតុចុះ​​ត្រជាក់​​ ដែល​ធ្វើ​ឱ្យ​ដំណើរ​ការ​លើ​សមរភូមិ​ប្រព្រឹត្ត​ទៅ​យឺត​យ៉ាវ​នា​រដូវ​រងា​ខាង​មុខ​នេះ​។ ​លោក​ខាង​លិច​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ការ​វាយ​បក​ ​ប៉ុន្តែ​ក្រុង​កៀវ​បាន​និ​យាយ​ថា​ ខ្លួន​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​។  ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខណៈ​រុស្ស៊ី​​និយាយ​ថា​ ប្រតិបត្តិការ​វាយ​បក​របស់​អ៊ុយក្រែន​បាន​បរាជ័យ​ ​សន្ទុះ​​​នៅ​​សមរភូមិ​អ៊ុយក្រែន​បាន​កើន​ឡើង​ជា​អន្លើ​រ​នៅ​សមរភូមិ​​នៃ​តំបន់​ហ្សាប៉ូរីចា​ ជា​កន្លែង​ដែល​​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ លោក​ស្រី​ Hanna Maliar បាន​អះ​អាង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ កង​ទ័ព​អ៊ុយក្រែន​បាន​​​ទម្លុះ​ខ្សែ​ការពារ​ដំបូង​របស់​រុស្ស៊ី​៕

ប្រែសម្រួល៖ហួន ឌីណា

ads banner