ប្រជាជននីហ្សេដែលគាំទ្ររដ្ឋប្រហារជាច្រើននាក់ ធ្វើបាតុកម្មទាមទារឱ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំងចេញពីប្រទេស
នីហ្សេ៖ប្រជាជននីហ្សេដែលគាំទ្ររដ្ឋប្រហារបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅខាងក្រៅមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey របស់ប្រទេសនីហ្សេ ដើម្បីឱ្យឯកអគ្គរដ្ឋទូត និងទាហានបារាំងប្រមាណ ១ ៥០០ នាក់ចាកចេញពីប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera កាលពីថ្ងៃសៅរ៍។
បាតុកម្មដែលអូសបន្លាយនេះ បន្តធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយោធារបស់នីហ្សេ ដែលធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីចុងខែកក្កដា បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ថាបានបានប្រើវោហាសាស្ត្របំបែកបំបាក់ពេលលើកឡើងអំពីរដ្ឋប្រហារ និងចង់បង្ខូចទំនាក់ទំនងក្រោយអាណានិគមជាមួយប្រទេសនីហ្សេ ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតបាំរាំង លោក Sylvain Itte បានបន្តវត្តមានរបស់ខ្លួននៅនីហ្សេ បើទោះបីជាមានកាលកំណត់ ៤៨ ម៉ោង ទាមទារឱ្យលោកចាកចេញពីប្រទេសនេះកាលពិជាង១សប្ដាហ៍មុនក្ដី។
ជុំវិញការប្រមូលផ្ដុំគ្នារបស់ក្រុមមនុស្សដែលគាំទ្ររដ្ឋប្រហារ អ្នករាយការណ៍របស់ Al Jazeera បានឱ្យដឹងថា ក្រុមបាតុករដែលសម្តែងការខកចិត្តចំពោះការបន្តវត្តមានរបស់បារាំងក្នុងប្រទេស កំពុងចាត់ការដោយខ្លួនឯង។
យោងតាមបុគ្គលិកសន្តិសុខនីហ្សេ ការតវ៉ាគ្រោងថាចាប់ផ្ដើមនៅម៉ោង៣រសៀល(ម៉ោងក្នុងស្រុក) ប៉ុន្តែមនុស្សរាប់ពាន់នាក់ចាប់ផ្ដើមប្រមូលផ្ដុំគ្នាតាំងពីម៉ោង១០ព្រឹកទៅ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីប៉ូលិស និងកងកម្លាំងសន្តិសុខ។
អ្នករាយការណ៍របស់ Al Jazeera បានបន្តថា បាតុកម្មតវ៉ានេះបានបន្តអូសបន្លាយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយភាពស្ងប់ស្ងាត់ និងមានការរៀបចំឡើងច្បាស់លាស់។ ប៉ុន្តែនៅថ្ងៃសៅរ៍នេះ ក្រុមបាតុករ បានបំបែករបាំងកងកម្លាំងសន្តិសុខ ប៉ូលីស និងយោធា ហើយចូលទៅជិតមូលដ្ឋានទ័ពបារាំង ដោយខ្លះព្យាយាមសម្រុកចូលដោយកម្លាំង។
ដោយសារតែបញ្ហានេះ កងកម្លាំងនីហ្សេបានដាក់ពង្រាយដើម្បីពង្រឹងតំបន់ជុំវិញមូលដ្ឋានបារាំង ដែលមានទាហានបារាំងប្រហែល ១ ៥០០ នាក់ ហើយព្រមានប្រឆាំងនឹងការសម្រុកចូលរបស់ក្រុមបាតុករ និងពីផលប៉ះពាល់ដែលនឹងកើតឡើង។
គួរបញ្ជាក់ថា ភាពតានតឹងកាលពីថ្ងៃសៅរ៍ កើតឡើងបន្ទាប់ពីរបបយោធានីហ្សេ បានចោទក្រុងប៉ារីសពីការជ្រៀតជ្រែកផ្ទៃក្នុង ដោយគាំទ្រលោកប្រធានាធិបតី Mohamed Bazoum ដែលក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។
អ្នកនាំពាក្យយោធា លោក Amadou Abdramane បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការអត្ថាធិប្បាយរបស់ លោក ម៉ាក្រុង ក្នុងការគាំទ្រលោក Bazoum បង្កើតឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់នីហ្សេយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត។
កាលពីថ្ងៃសុក្រ លោក ម៉ាក្រុង បាននិយាយថា លោកបាននិយាយជារៀងរាល់ថ្ងៃជាមួយលោក Bazoum បន្ទាប់ពីលោកត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារដកអំណាច។
លោកបន្តថា៖ «យើងគាំទ្រលោក។ យើងមិនទទួលស្គាល់អ្នកដែលប្រព្រឹត្តអំពើហិង្សានោះទេ។ ការសម្រេចចិត្តដែលយើងនឹងធ្វើ ទោះបីជាយ៉ាងណាក៏ដោយ វានឹងផ្អែកលើការដោះដូរគ្នាជាមួយលោក Bazoum៕ ប្រែសម្រួល៖ហួន ឌីណា
