កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរតាក់ទិក
សេអ៊ូល៖ យោធាកូរ៉េខាងជើងបានដឹកនាំការធ្វើសមយុទ្ធវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយពីរគ្រាប់មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រក្នុងទិសដៅទៅទិសខាងត្បូង។
ការធ្វើតេស្ដបាញ់មីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានរយៈពេល១១ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងមីស៊ីលគ្រូស នៅក្នុងការធ្វើសមយុទ្ធវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ដើម្បីជាការព្រមានដល់សត្រូវទាំងឡាយ ពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមនុយក្លេអ៊ែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


