មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជា ងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះ ដោយសារ ការប្រែប្រួលអាកាសធាតុ ហើយជាញឹកញាប់កម្ពុជា បានទទួលរង នូវផលប៉ះពាល់ ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម នេះជាការលើឡើង ពីឯកឧត្តម ភាវ សុវទ្ធី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាស្តីពី ការបង្កើតបណ្តាញអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា ការសិក្សាថ្មីៗនេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផល ក្នុងស្រុកសរុបចំនួន ២.៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩.៨% នៅឆ្នាំ២០៥០ ទោះបីជា ការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២អង្សាសែលស៊ុសក៏ដោយ។ ត្រង់ចំណុចនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋរចនាសម្ព័ន្ធ និងផលិតភាពកសិកម្មជាដើម។

ឯកឧត្តម ភាវ សុវទ្ធី បានបន្តថា ចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងឈានមុខគេ ក្នុងការអនុវត្តវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងមានវឌ្ឍនភាពខ្លាំងផ្នែករៀបចំសកម្មភាព និងផែនការដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ជាក់ស្ដែងការប្រែប្រួលអាកាសធាតុកំពុងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣ យុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗ និងជាពិសេសបានធ្វើការបញ្ជ្រាប និងដាក់បញ្ចូលការប្រែប្រួល អាកាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការថវិកាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាក៏បានត្រៀមខ្លួន និងបានរៀបចំនូវក្របខ័ណ្ឌបន្សាំនឹងការប្រែប្រួលអាកាសធាតុដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀបចំដំណើរការផែនការជាតិបន្សាំ (NAP)។ ជាលទ្ធផលប្រទេសកម្ពុជាសម្រេចបាននូវការរៀបចំឯកសារសំខាន់ៗ ចំនួន ៣រួមមាន៖ ១៖ ដំណើរការផែនការជាតិបន្សំ ឆ្នាំ២០១៧, ២៖ ក្របខ័ណ្ឌហិរញ្ញប្បទានផែនការជាតិបន្សំ និងផែនការអនុវត្តន៍ឆ្នាំ២០១៧ និង៣៖ យុទ្ធសាស្ត្រទំនាក់ទំនងផែនការជាតិបន្សាំឆ្នាំ២០១៨ ។ យ៉ាងណាមិញសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុទាមទារ ឱ្យមានការចូលរួមគាំទ្រពីគ្រប់ដៃគូរបស់យើងផងដែរ៕

អត្តបទ ង៉ាន់ ទិត្យ វីដេអូ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner