តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?
ភ្នំពេញ៖ អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO)បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។
និយាយជារួមអង្គការអន្តរជាតិទាំងនេះ ឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នុំចំណី អ្នកស្រែចម្ការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបានប្រាំពីរថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់ថាជាអ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។
ដោយឡែកនិយមន័យនៃអ្នកអត់មានការងរធ្វើវិញគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និង កំពុងស្វែងរកការងារ និង អាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។
យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាជាទូទៅតែងមានចំនួនអត្រាអ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១ភាគរយ ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ គឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវជាដើម។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ អង្គការ ILO បានប៉ាន់ស្មានថាប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ។
និយមន័យនេះ ត្រូវបានសកលនៅទូទាំងពិភពលោកប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ។

ខាងក្រោមនេះ មានភ្ជាប់ពីរបៀបគណនាពីចំនួនអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ រួមទាំងស្ថិតិនៃភាពមានការងារធ្វើរបស់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។
ទី១. របៀបគណនា អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
ទី២. របៀបគណនា អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
តារាងទី១៖ អត្រាអ្នកអត់ការងារធ្វើតាមបណ្តាប្រទេស និងក្រុមប្រទេសមួយចំនួនឆ្នាំ ២០១៩-២០២៣ (ប៉ាន់ស្មាន) | |||||
ប្រទេស | 2019 | 2020 | 2021 | 2022 | 2023 |
កម្ពុជា | 0.1 | 0.3 | 0.3 | 0.4 | 0.3 |
ឡាវ | 3.3 | 3.6 | 3.6 | 2.6 | 2.9 |
ថៃ | 0.7 | 1.1 | 1.0 | 0.9 | 0.8 |
វៀតណាម | 1.7 | 2.1 | 2.4 | 1.9 | 1.7 |
អាស៊ាន | 2.4 | 3.0 | 2.9 | 2.6 | 2.4 |
ឥណ្ឌូនេស៊ី | 3.6 | 4.3 | 3.8 | 3.6 | 3.3 |
ជប៉ុន | 2.4 | 2.8 | 2.8 | 2.6 | 2.6 |
អាស៊ីប៉ាស៊ីហ្វិក (ប្រទេសមានប្រាក់ចំណូលទាប) | 6.0 | 6.3 | 6.5 | 6.2 | 6.3 |
ប្រភព៖https://ilostat.ilo.org/data/#
តារាងទី២៖ អត្រាអ្នកអត់ការងារធ្វើតាមតំបន់ និងភេទ (ក្រុមអាយុ ១៥ – ៦៤ឆ្នាំ), ២០២១
ភេទ/តំបន់ | កម្ពុជា | ភ្នំពេញ | តំបន់ទីប្រជុំជនផ្សេង | ជនបទ |
សរុប | 1.0 | 1.2 | 1.2 | 0.9 |
ស្រី | 1.2 | 1.2 | 1.3 | 1.1 |
ប្រុស | 0.9 | 1.2 | 1.1 | 0.8 |
ប្រភព៖ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០២១
តារាងទី៣៖ អត្រាអ្នកអត់ការងារធ្វើតាមតំបន់ និងភេទ (ក្រុមអាយុ ១៥ ឆ្នាំឡើង), ២០១៩
ភេទ/តំបន់ | កម្ពុជា | តំបន់ទីប្រជុំ | ជនបទ |
សរុប | 1.2 | 1.0 | 1.4 |
ស្រី | 1.2 | 1.0 | 1.3 |
ប្រុស | 1.2 | 1.0 | 1.4 |

ប្រភព៖ អង្កេតកម្លាំងពលកម្ម (LFS) ឆ្នាំ២០១៩
ដោយ៖ ប្រភពក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ