ទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ និងប្រារព្ធធ្វើឡើងនៅខេត្តព្រះវិហារ ក្រោមប្រធានបទ«អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»
(ភ្នំពេញ)៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣នេះ និងត្រូវប្រារព្ធធ្វើឡើងនៅខេត្តព្រះវិហារ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច» ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនិងអន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ឈិន កេតនា បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះទិវាអក្ខរកម្មជាតិ ៨ កញ្ញា របស់រាជរដ្ឋាភិបាល នៅគ្រប់ៗអាណត្តិ ។ ឯកឧត្តម ក៏បានលើកឡើងពីខ្លឹមសារសំខាន់ នៃកម្មវិធីនេះ និងបានធ្វើការជំរុញ ក៏ដូចជាណែនាំ និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការ ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តផងដែរ ។
គូរបញ្ជាក់ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនការយល់ដឹង ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ករកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើកស្ទយកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

ក្នុងស្មារតីនៃកិច្ចប្រជុំ ក្រៅពីការងារស្នូល សំខាន់ៗ របស់ក្រសួងស្ថាប័ន រដ្ឋបាល រាជធានី ដែលពាក់ព័ន្ធត្រូវធ្វើ ដែលបានលើកឡើងនៅកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ក៏បានបញ្ញាក់ថា ក្នុងឱកាសនៃទិវាជាតិអក្ខរកម្ម ៨ កញ្ញា ដែលនិងប្រារព្ធធ្វើឡើងនៅខេត្តព្រះវិហារ នេះ ក៏និងធ្វើការផ្តល់រង្វាន់ជូនដល់សិស្សអក្ខរកម្មល្អ ចំនួន ១០ នាក់ និងគ្រូអក្ខរកម្មល្អ ចំនួន ៥នាក់ផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា