អ្នកជំនាញ គាំទ្រឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ជាជនជាតិខ្មែរ

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ នៅថ្ងៃនេះបានបង្ហាញការគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើរឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយជនជាតិខ្មែរ ។

ឯកឧត្តម រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ថា ការជំរុញឲ្យមានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិខ្មែរនេះ គឺជារបត់ថ្មីមួយ ដែលធ្វើឲ្យគុណភាពនៃការស្រាវជ្រាវកាន់តែស៊ីជម្រៅ និងមានតម្លៃ ត្បិតលោកជឿជាក់ថា មានតែជនជាតិយើងប៉ុណ្ណោះ ដែលដឹងពីរឿងរបស់យើងច្បាស់។ ឯកឧត្តម បន្ថែមថា យើងគួរមានមូលនិធិសម្រាប់ការស្រាវជ្រាវដោយអ្នកប្រាជ្ញខ្មែរ។ បើយើងលើកស្ទួយ យើងយកចិត្តទុកដាក់ វាធ្វើឲ្យគុណភាព នៃការស្រាវជ្រាវនោះ មានតម្លៃសម្រាប់ប្រវត្តិសាស្ត្រខ្លួនឯង ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក៏គាំទ្រអោយមានជនជាតិខ្មែរស្រាវជ្រាវ ពីប្រវត្តិសាស្ត្រខ្មែរផងដែរ។ លោកលើកឡើងថា យើងត្រូវតែជំរុញ ឲ្យយុវជនយើងស្គាល់ប្រវត្តិសាស្ត្រយើងឲ្យច្បាស់ ហើយជាប្រវត្តិសាស្ត្រ ដែលសរសេរដោយកម្ពុជា ដោយអ្នកប្រាជ្ញកម្ពុជា ដែលនេះជារឿងចាំបាច់ណាស់ ។

ការលើកឡើងរបស់អ្នកជំនាញទាំងពីរធ្វើឡើងន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជជែកជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើរឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ។

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញបែបនេះ ក៏ព្រោះតែកន្លងមក មានការលើកឡើងថា យុវជនខ្មែរសព្វថ្ងៃ ហាក់មិនចាប់អារម្មណ៍ មិនចង់ដឹងចង់រៀន និងចង់សិក្សាពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួនឡើយ ខណៈប្រវត្តិសាស្ត្ររបស់កម្ពុជាភាគច្រើន ចងក្រងដោយអ្នកស្រាវជ្រាវ ឬក៏អ្នកនិពន្ធបរទេស ស្របពេលដែលអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរ ជាជនជាតិខ្មែរ មិនសូវមានទេ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ក្នុងជំនួបជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់កាលពីថ្ងៃទី២៩ សីហា ។

គួរបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រមូលផ្ដុំអ្នកប្រវត្តិសាស្ត្រទូទាំងប្រទេស និង បញ្ញវន្តនានា ដើម្បីចងក្រងប្រវត្តិសាស្ត្រខ្មែរផងដែរ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ ក្នុងរយៈពេល ៣ឆ្នាំ រាជបណ្ឌិត្យសភាផលិតឯកសាប្រវត្តិសារបានមួយចំនួន ហើយគម្រោងនេះដែរ គាំទ្រដោយរដ្ឋាភិបាល នឹងបញ្ចប់នៅចុងឆ្នាំនេះ ។ ក្រៅពីការស្រាវជ្រាវ លោកបណ្ឌិត យង់ ពៅ ស្នើឲ្យបញ្ចូលឯកសា និងលទ្ធផលបានពីការស្រាវជ្រាវ ក្នុងកម្មវិធីបង្រៀន ឱ្យយុវជនយើង បានរៀនសូត្រពីប្រវត្តិសាស្រ្តរបស់យើងឱ្យប្រាកដប្រជា។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែបន្តពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ និងពន្លឿន ឱ្យចេញជាយុទ្ធសាស្ត្រ ក្នុងការបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយជនជាតិខ្មែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner