លោកជំទាវ ចម និម្មល រំលេចទស្សនល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ាន

(ឥណ្ឌូនេស៊ី)៖ នៅក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គ នៃក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានរំលេចនូវទស្សនល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

សម្រាប់ដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿនទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគតដូចជា ការរីករាលដាលនៃជំងឺសកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម។

ការលើកឡើង របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាស ចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់ក៏ដូចជាចែករំលែកនូវទស្សនល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសាកល និងដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។

លោកជំទាវ រដ្ឋមន្រ្តី បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការនៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក។ ក្នុងអំឡុងកិច្ចប្រជុំនេះដែរ លោកជំទាវក៏បានចូលរួមកម្មវិធីប្រកាសបើកការចរចាកិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ានក្នុងបរិបទសកល។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេស យុទ្ធសាស្រ្តអាស៊ានស្តីពីអព្យាក្រឹតកាបូន ក៏ដូចជាក្របខណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ានក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner