ទិសដៅចម្បងៗ ៦ចំណុច ដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបាន
(ភ្នំពេញ)៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវទិសដៅចម្បងៗ ៦ចំណុច ដែលក្រសួងមហាផ្ទៃ ពោលគឺមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបានរួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.បញ្ហាចោរកម្មនិងបទល្មើសព្រហ្មទណ្ឌផ្សេងៗ, ៤.បញ្ហាក្រុមក្មេងទំនើង, ៥.បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទនិង, ៦.បញ្ហាតាមបណ្ដោយព្រំដែនទាំងគោគនិងទឹក។ ឯកឧត្ដមអភិសន្តិបណ្ឌិត «ខ្ញុំសូម បញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រីទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។
វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ក្នុងទិសដៅជិះទូកតែមួយ ធ្វើឱ្យក្រសួងមហាផ្ទៃកាន់តែមានកិត្យានុភាព រីកចំរើន រឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផលចម្បងៗ ដែលក្រសួងមហាផ្ទៃទទួលបានក្នុងរជ្ជកាល សម្ដេចក្រឡាហោម ស ខេង ក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះ ការថែរក្សាសមិទ្ធផលទាំងនេះទៅមុខ ក៏ត្រូវការកម្លាំងរួម។ ដូចគ្នាដែរ ការសម្រេចសមិទ្ធផលថ្មីៗចាប់ពីអាណត្តិនេះទៅមុខ ក៏ត្រូវការកម្លាំងរួម មិនអាចខ្វះថ្នាក់ដឹកនាំរូបណាមួយ មន្ត្រីណាម្នាក់ រាប់ចាប់តាំងពីផ្នែកអនាម័យនិងសន្តិសុខ។ ដើម្បីសម្រេចទិសដៅនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានទទូចដល់គ្រប់តួអង្គពាក់ព័ន្ធក្រោមដំបូលក្រសួងមហាផ្ទៃអនុវត្តជាប្រចាំនូវគោលការណ៍គ្រឹះចំនួន២ចំណុចធំៗ គឺគោលការណ៍ការងារជាក្រុម និងគោលការណ៍ឋានានុក្រម និងរបបការងាររដ្ឋបាល។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ដូច្នេះថា៖

១.គោលការណ៍ការងារជាក្រុម (Team Work) ពោលគឺ៖
-យើងទាំងអស់គ្នាត្រូវចាត់ទុកថាជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ។
-យើងត្រូវប្រកាន់ខ្ជាប់ទស្សនៈ«រួមគិតរួមធ្វើរួមទទួលខុសត្រូវ»។
-យើងត្រូវរួមសាមគ្គីគ្នាទម្លុះគោលដៅរួមចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ។
-យើងត្រូវប្រកាន់យកទស្សនៈ«ដើមឈើមួយដើមទាល់តែខ្ចីដៃគ្នាឱបទើបជុំ»។
-យើងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណ មុទិតា និងឧបេក្ខា។
-ជារួមយើងប្រកាន់ខ្ជាប់និងប្រតិបត្តិឱ្យជាប់នូវ«អភិក្រមកុំបី,គួរបី,និងគប្បី១»៖ «កុំ៣ គឺកុំឈ្លោះគ្នា, កុំប៉ែងជើងគ្នា, និងកុំច្រណែនគ្នា»។ គួរ៣ គឺ «គួរស្រឡាញ់និងសាមគ្គីគ្នា, គួរជ្រោមជ្រែកគ្នា, និងគួរសាទរគ្នា» ។ គប្បី១ គឺ «គប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃឱ្យជុំទើបមានជោគជ័យជានិរន្តន៍»។

២.គោលការណ៍ឋានានុក្រម និងរបបការងារ ពោលគឺត្រូវ៖
-បំពេញភារកិច្ចដោយគោរពគ្នាតាមឋានន្តរស័ក្តិនិងតាមមុខតំណែង។
-បំពេញភារកិច្ចដោយគោរពតាមរចនាសម្ព័ន្ធអង្គភាពចៀសវាងការផ្លោះរំលង។
-ទាំងការឆ្លងយោបល់ផ្ទាល់មាត់និងជាពិសេសចរន្តលិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម។
-ជាពិសេស រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ពោលគឺ ត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី។
-តាមអង្គភាពគួររៀបចំធ្វើគំនូសបំព្រួញការងាររដ្ឋបាល(SOP)តាមឋានានុក្រម ពីទាបទៅខ្ពស់តាមលំដាប់លំដោយហើយអនុវត្តតាមលំហូរតែមួយនេះ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឱ្យបានមើលឃើញទាំងអស់គ្នា។
-កំណត់របបប្រជុំតាមអង្គភាពនីមួយៗ ប្រចាំសប្ដាហ៍, ប្រចាំខែ, ប្រចាំត្រីមាស… ហើយគ្រប់កម្រិតនៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ ស្ដីពី លទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាស…ផងដែរ។
-គប្បីបែងចែកការងារនិងប្រគល់ភារកិច្ចឱ្យមន្ត្រីចូលរួមបំពេញឱ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះចូលចិត្ត ឬមិនចូលចិត្តនោះឡើយ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បាន សង្កត់ធ្ងន់ថា បន្ថែមលើអ្វីដែលខ្ញុំបានលើកឡើងខាងលើ ដើម្បីឱ្យការងារជាក្រុមជោគជ័យ យើងត្រូវមានភាពស្មោះត្រង់ លះបង់ គោរពវិន័យ កុំមើលបំណាំគ្នា កុំប្រចាំគ្នា កុំសង្ស័យគ្នា ចេះអត់ឱនយោគយល់គ្នា ពេលខ្លះក៏ចេះធ្វើថ្លង់ ធ្វើគរ ធ្វើខ្វាក់ខ្លះ តែក៏ត្រូវចេះជួយកែលម្អគ្នា ៕

ដោយ-រ៉ាវុធ