អ៊ីរ៉ង់កាត់ទោសអ្នកកាសែតស្រីពីរនាក់ពីបទ សមគំនិត និងការឃុបឃិតគ្នា
តេហេរ៉ង់៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ង់មួយបានរាយការណ៍ថា អ្នកកាសែតស្រីជនជាតិអ៊ីរ៉ង់ពីរនាក់នឹងត្រូវជាប់ពន្ធនាគាររយៈពេលប្រមាណមួយ ខែ ដែលជាការអនុវត្តទោសរយៈពេលមួយនៃទោសសរុបរយៈពេលបីឆ្នាំ។បន្ទាប់មក ពួកគេនឹងត្រូវអនុញ្ញាតឱ្យនៅក្រៅឃុំ។ គួរបញ្ជាក់ថា តុលាការបានចេញសេចក្ដីសម្រេចចោទប្រកាន់អ្នកកាសែតទាំងពីរពីបទ «សមគំនិត» និង «ការឃុបឃិតគ្នា»។
កញ្ញា នេហ្គ៊ីន បាហ្គឺរី (Negin Bagheri) និង កញ្ញា អេល់ណាស្ស ម៉ូហាម៉ាឌី (Elnaz Mohammadi) នឹងត្រូវចំណាយពេលតិចជាងមួយខែនៅក្នុងពន្ធនាគារ ដែលមានន័យថា អ្នកកាសែតទាំងពីរនឹងត្រូវអនុវត្តទោសត្រឹមតែមួយភាគបួននៃការកាត់ទោសរបស់ពួកគេប៉ុណ្ណោះទេ។ នេះបើយោងតាមការបញ្ជាក់ដោយមេធាវីរបស់ពួកគេ លោក អាមី រ៉ាយស៊ាន (Amir Raisian) ទៅកាន់កាសែត ហាំមីហាន (Ham Mihan) ដែលជាស្ថាប័នសារព័ត៌មានមួយដែល កញ្ញា ម៉ូហាម៉ាឌី បម្រើការងារនៅទីនោះ។
មេធាវីបានពន្យល់បន្ថែមថា ៖ «ពួកគេនឹងត្រូវព្យួរទោសក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត ហើយក្នុងអំឡុងពេល ប្រាំ ឆ្នាំនេះផងដែរ ពួកគេត្រូវចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសីលធម៌ និងវិជ្ជាជីវៈ ហើយមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសនោះទេ»។
លោក រ៉ាយស៊ាន មិនបានបញ្ជាក់លម្អិតថា តើសាលក្រមនេះអាចប្តឹងឧទ្ធរណ៍បានឬអត់ ហើយរបាយការណ៍ក៏មិនបានបញ្ជាក់លម្អិតអំពីការចោទប្រកាន់អ្នកកាសែតឬក៏យ៉ាងណានោះទេ។ ប្អូនស្រីរបស់កញ្ញា ម៉ូហាម៉ាឌី ឈ្មោះថា អេឡាហេ (Elaheh) ដែលកំពុងធ្វើការឱ្យស្ថាប័នសារព័ត៌មាន ហាំមីហាន (Ham Mihan) ផងដែរនោះ ក៏បានជាប់ពន្ធនាគារចាប់តាំងពីខែកញ្ញា បន្ទាប់ពីកញ្ញារូបនេះបានរាយការណ៍អំពីពិធីបុណ្យសពរបស់កញ្ញា ម៉ាសា អាមីនី (Mahsa Amini) អាយុ ២២ ឆ្នាំដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ក្រុមប៉ូលិស។
គួររំឭកថា កញ្ញា អាមីនី ជាជនជាតិឃឺដ (Kurd) បានស្លាប់នៅថ្ងៃទី១៦ ខែកញ្ញាកាលពីឆ្នាំមុន បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនដោយចោទពីបទរំលោភច្បាប់សំលៀកបំពាក់របស់ប្រទេសអ៊ីរ៉ង់។ ករណីនេះផងដែរ បានបង្កឱ្យមានការបាតុកម្មតវ៉ាអស់រយៈពេលជាច្រើនខែនៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅបរទេសក៏បានរាយការណ៍អំពីការចាប់ខ្លួនជាច្រើនបន្តបន្ទាប់ទៀតនៅមុនខួបនៃការស្លាប់របស់កញ្ញា អាមីនី ផងដែរ។
ដោយឡែក សម្រាប់កញ្ញា បាហ្គឺរី វិញ នាងជាអ្នកកាសែតម្នាក់ដែលបម្រើការងារឱ្យស្ថាប័នកាសែតឯករាជ្យមួយឈ្មោះថា ហាហ្វអេ សប (Haft-e Sobh)។ រីឯកញ្ញា ម៉ូហាម៉ាឌី ក៏ធ្លាប់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលមួយសប្តាហ៍ផងដែរកាលពីខែកុម្ភៈ ប៉ុន្តែខាងប៉ូលិសមិនបានបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុនៃការឃុំខ្លួនរបស់នាងនោះទេ។
កាលពីឆ្នាំមុន មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការចេញបាតុកម្មតវ៉ា ក្នុងនោះក៏មានទាំងបុគ្គលិកសន្តិសុខរាប់សិបនាក់ផងដែរ ហើយរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយទទួលរងការចោទប្រកាន់ថាពួកគេបានជាប់ពាក់ព័ន្ធនឹងអំពើកុប្បកម្មដោយមានជនបរទេសជាខ្នងបង្អែក។
ជាក់ស្ដែង បុរសចំនួន ប្រាំពីរស នាក់ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងករណីបាតុកម្មតវ៉ា និងការសម្លាប់ ក៏ដូចជាការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងកងកម្លាំងសន្តិសុខ។ បន្ថែមលើនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍កាលពីខែមុនថា អាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់បានសាកសួរ និងចាប់ខ្លួនអ្នកកាសែតជាង ៩០ នាក់ហើយ បើរាប់ចាប់តាំងពីការកើតមាននូវព្រឹត្តិការណ៍បាតុកម្មតវ៉ានេះមក។
កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយបានរាយការណ៍ថា អ្នកកាសែតម្នាក់ឈ្មោះថា ណាស៊ីឡា ម៉ារូហ្វ៊ាន (Nazila Maroufian) ដែលជាអ្នកកាសែតម្នាក់ដែលតែងតែបានធ្វើការប្រឆាំងនឹងច្បាប់សំលៀកបំពាក់ដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីដើមខែសីហា បន្ទាប់មកក៏ត្រូវបានចាប់ខ្លួនម្ដងទៀត ដោយចោទពីបទមិនបានពាក់មួកនៅទីសាធារណៈ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters Iran jails two female journalists over ‘conspiracy and collusion’