ក្រុម Off-Road កម្ពុជា ទទួលបានពាន៣បន្ថែម ពីការប្រណាំង Sailun Cup ២០២៣ នៅវៀតណាម
(ភ្នំពេញ)៖កីឡាករ ញឹម សុវណ្ណារ៉ូ សមាជិកក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា បានបង្ហាញមោទនភាព ក្រោយទទួលបានពាន៣ និងគាំទ្រខ្លាំងពីការប្រណាំងរថយន្ត Off-Road Sialun Cup 2023 ជាក្រុមប្រណាំងដែលបើកបរបានល្អជាងគេ និងជាកីឡាករប្រជាប្រិយជាងគេ។ នេះជាការបញ្ជាក់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករ ញឹម សុវណ្ណារ៉ូ បញ្ជាក់បន្ថែមថា ពានរង្វាន់៣ខាងលើនេះ ទី១-គឺពានផ្តល់ជូនពីគណកម្មការ ទី២-ពានកីឡាករបើកបរបានល្អជាងគេ និងពានទី៣-កីឡាករប្រណាំងមានប្រជាប្រិយជាងគេ ពីការប្រណាំងសរុបក្នុងចំណោម១៩ដំណាក់កាល មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ នៅស្រុកប៊ូឌូន ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។ កីឡាកឈ្នះពានប្រជាប្រិយរូបនេះ បន្តថា នេះគឺជាមោទនភាព ដែលក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណកម្មការរៀបចំ និងកីឡាករប្រណាំង Off-Road វៀតណាម។ រីឯការចូលរួមលើកនេះ គឺជាបទពិសោធន៍ថ្មីសម្រាប់ក្រុម Off-Road កម្ពុជា លើផ្លូវប្រណាំងមានឧបសគ្គបែប Off road និង Rally និងការប្រណាំងប្រើរយៈពេលច្រើនម៉ោងទៀត។ ប៉ុន្តែកីឡាករកម្ពុជា ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី ប្តេជ្ញាថានឹងចូលរួមនៅព្រឹត្តការណ៍ក្រោយទៀតប្រសិនបើភាគីវៀតណាមអញ្ជើញ។ កីឡាករ ញឹម សុវណ្ណារ៉ូ បន្ថែម។

លោក Rubi អ្នករៀបចំកាប្រណាំង Off-Road Sailun Cup បានបង្ហាញរីករាយក្រោយរៀបចំលើកដំបូងទទួលបានជោគជ័យលើសពីការរំពឹងទុកដោយមានកីឡាករប្រណាំងចូលរួមច្រើន ដូចជា កូរ៉េ ថៃ ចិន អូស្រ្តាលី បារាំង ជាពិសេសក្រុម Off-road កម្ពុជា។
គួរបញ្ជាក់ថា ការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup 2023 កម្ពុជាបានបញ្ជូនរថយន្តប្រណាំង៤គ្រឿងចូលរួម ក្នុងនោះកម្ពុជាទទួលបានពានរង្វាន់៣ រីឯកីឡាករ ព្រំ រស្មី ទទួលបានលេខ៥ កីឡាករ ញឹម សុវណ្ណារ៉ូ លេខ១០ កីឡាករ តាក់ ឆាយសុខន ក្រុមគោព្រៃមណ្ឌលគីរី លេខ១២ និងកីឡាករ លយ ភាឡៃ លេខ១៨ ៕



ចាន់ វិចិត្រ