ក្រុមគ្រូបង្រៀនកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឱ្យមានការការពារសិទ្ធិរបស់ខ្លួនបន្ថែមទៀត

សេអ៊ូល៖ គ្រូបង្រៀនកូរ៉េខាងត្បូង គ្រោងប្រមូលផ្ដុំគ្នានៅថ្ងៃចន្ទនេះ ដោយផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារឱ្យមានការការពារលើសិទ្ធិរបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងដើម្បីប្រឆាំងចំពោះការយាយីគ្រប់បែបយ៉ាងពីឪពុកម្ដាយរបស់សិស្ស។នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បាតុកម្មតវ៉ានេះ រៀបចំឡើងខណៈគ្រូបង្រៀននៅសាលារដ្ឋរបស់កូរ៉េខាងត្បូងនាំគ្នាត្អូញត្អែរកាន់តែខ្លាំងឡើង ជុំវិញការធ្វើបាបពីសំណាក់ឪពុកម្តាយ និងសិស្ស ដែលរួមមានទាំងការចោទប្រកាន់ថាគ្រូបានរំលោភបំពានសិស្សតាមរយៈការដាក់វិន័យផ្សេងៗ។ ការត្អូញត្អែរនេះ បានកើនឡើងបន្ទាប់ពីគ្រូបង្រៀនវ័យក្មេងម្នាក់ ធ្វើអត្តឃាតកាលពីខែកក្កដា។

បើតាមរ៉យទ័រ គ្រូបង្រៀនជាច្រើននាក់បានប្តេជ្ញាថានឹងឈប់សម្រាកមិនបង្រៀននៅថ្ងៃចន្ទនេះ ដើម្បីជាការតវ៉ា។ មន្ត្រីរដ្ឋាភិបាល និងក្រុមប្រឹក្សាសាលា បានព្យាយាមទប់ស្កាត់ការប៉ះពាល់ដល់ម៉ោងសិក្សាធ្ងន់ធ្ងរ ហើយបានសន្យាថា នឹងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារគ្រូបង្រៀនឱ្យកាន់តែប្រសើរឡើង។

ចំនួនគ្រូបង្រៀនដែលឈប់បង្រៀននៅថ្ងៃចន្ទនេះដើម្បីតវ៉ា មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាសាលារៀនរាប់សិបនៅទូទាំងប្រទេសរំពឹងថានឹងបិទដោយសារតែគ្រូមិនបង្រៀន។

អាជ្ញាធរបាននិយាយថា សកម្មភាពសមូហភាពរបស់គ្រូដើម្បីបង្អាក់ថ្នាក់គឺខុសច្បាប់ ហើយព្រមានពីវិធានការវិន័យ។ ក្រុមដែលដឹកនាំការតវ៉ាបាននិយាយថា សហជីពគ្រូបង្រៀនកូរ៉េខាងត្បូងមិនជាប់ពាក់ព័ន្ធនឹងការរៀបចំបាតុកម្មនៅថ្ងៃចន្ទនេះទេ។

អ្នករៀបចំការតវ៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «យើងនឹងការពារគ្រូបង្រៀន និងធ្វើការផ្លាស់ប្តូរ ដើម្បីកុំឱ្យគ្រូបង្រៀនណាម្នាក់ទៀត បញ្ចប់ជីវិតខ្លួនឯង»។

ជុំវិញការណ៍នេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យមន្រ្តីស្តាប់ការទាមទាររបស់គ្រូបង្រៀន និងធ្វើការដើម្បីការពារសិទ្ធិរបស់ពួកគេ។

គួររំឭកថា កាលពីខែកក្កដា គ្រូបឋមសិក្សាជាស្រ្តីម្នាក់បានស្លាប់ក្នុងសាលា បន្ទាប់ពីគ្រូបង្រៀនរូបនោះបានសម្តែងការព្រួយបារម្ភចំពោះការត្អូញត្អែរពីឪពុកម្តាយ ជុំវិញជម្លោះក្នុងចំណោមសិស្ស។ ចាប់តាំងពីពេលនោះមក គ្រូបង្រៀននៅទូទាំងប្រទេសបានធ្វើបាតុកម្មជារៀងរាល់ចុងសប្តាហ៍ ដើម្បីកាន់ទុក្ខមរណភាពរបស់គ្រូបង្រៀនរូបនោះ។

ការកាន់ទុក្ខនោះ វិវត្តទៅជាបាតុកម្មកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រូបង្រៀនប្រមាណ ២០០ ០០០ នាក់ បានប្រមូលផ្ដុំគ្នាជិតរដ្ឋសភាក្នុងទីក្រុងសេអ៊ូល។

ក្រុមអ្នករៀបចំបាតុកម្ម បាននិយាយថា គ្រូបង្រៀន ២០ ០០០ នាក់ផ្សេងទៀត រំពឹងថានឹងដើរតាមផ្លូវនៅថ្ងៃចន្ទនេះ ដើម្បីចូលរួមបាតុកម្មនៅជិតសភាដដែល។

គួរកត់សម្គាល់ថា គ្រូបង្រៀនសាលារដ្ឋ ១០០ នាក់ បានធ្វើអត្តឃាតនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល៦ឆ្នាំចុងក្រោយ គិតត្រឹមខែមិថុនា។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ៥៧ នាក់ក្នុងចំណោមនោះ គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សា។

កន្លងមក ក្រសួងអប់រំកូរ៉េខាងត្បូងបានប្ដេជ្ញាទប់ស្កាត់ការណ៍ដែលគ្រូបង្រៀនត្រូវទទួលទោស ចំពោះការអនុវត្តសកម្មភាពបង្រៀនដែលស្របតាមច្បាប់ ហើយពង្រឹងទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាលសិស្ស។ នៅក្រោមផែនការរបស់រដ្ឋាភិបាល គ្រូបង្រៀននឹងទទួលបានការធានា មិនឱ្យឪពុកម្ដាយសិស្សទាក់ទងទៅតាមរយៈទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងចំណោមវិធានការផ្សេងៗទៀត៕ ដោយ៖ ហួន ឌីណា

ads banner