គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ៤០ គ្រាប់ ត្រូវបានប្រទះឃើញនៅសង្កាត់អូរចារ
បាត់ដំបង៖ ក្រុមកម្មករជីកប្រឡាយបង្ហូរលូទឹកស្អុយរបស់ក្រុមហ៊ុន លឿង ជ័រ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនផ្ទុះជិត ៤០ គ្រាប់ ខណៈពេលពួកគេកំពុងជីករណ្ដៅដីនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ។សមត្ថកិច្ចក៏បានចុះពិនិត្យ និងធ្វើសញ្ញាហាមឃាត់ទីតាំងនោះផងដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្មករជីកប្រឡាយបង្ហូរទឹកស្អុយនេះ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌចំនួន ៣៨ គ្រាប់ ដោយបានរាយការណ៍ទៅកាន់សមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីបន្តធ្វើការការពារកុំឱ្យមានបញ្ហាណាមួយដល់ប្រជាពលរដ្ឋ។ ក្រោយពីទទួលសេចក្ដីរាយការណ៍បែបនេះហើយ សមត្ថកិច្ចបានចុះត្រួតពិនិត្យដោយប្រទះឃើញគ្រាប់ (UXO) ចំនួន ៣៨គ្រាប់ ក្នុងនោះរួមមាន៖ គ្រាប់ទំហំ ១៣០មីលីម៉ែត្រ ចំនួន មួយគ្រាប់, គ្រាប់ទំហំ៧៥មីលីម៉ែត្រ ចំនួន ពីរគ្រាប់, គ្រាប់ទំហំ ៨៥មីលីម៉ែត្រចំនួនមយយគ្រាប់, គ្រាប់ទំហំ ១០៥ មីលីម៉ែត្រចំនួន ៣២គ្រាប់, គ្រាប់រ៉ុកែ្កតទំហំ ១២២ីលីម៉ែត្រចំនួនមួយគ្រាប់ ហើយនិងក្បាលផ្ទុះគ្រាប់ ១០៥មីលីម៉ែត្រ ចំនួនមួយគ្រាប់។

ជាមួយគ្នានេះ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធ និងដាក់ស្លាកសញ្ញា ដើម្បីរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោល។
អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ៖ «នគរបាលក្រុងបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋដែ លរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ហើយត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអាវុធទាំងនោះជាយថាហេតុ»។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួនសរុប ២៦នាក់។
អាជ្ញាធរមីន បានបន្តថា តួលេខនេះមានការថយចុះប្រមាណ ៣៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុប ៤០នាក់។
របាយការណ៍ដដែលបានបន្តថា ៖ «ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២៦នាក់នេះ ក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួន ១៣នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៣នាក់»។
អាជ្ញាធរមីនបានឱ្យដឹងទៀតថា ជនរងគ្រោះសរុបចំនួន ២៦ នាក់នេះ មានជនរងគ្រោះជាបុរសចំនួន ២០នាក់ កុមារាចំនួនប្រាំនាក់ និងស្ត្រី មួយនាក់ ។ក្នុងនោះមានអ្នកស្លាប់បួននាក់, រងរបួសចំនួន ១៤នាក់ និងអ្នករងគ្រោះក្លាយជាជនពិការអវៈយវៈចំនួនប្រាំបីនាក់៕ ដោយ៖ ជា សុខនី