គម្រោង រេដ បូក កំពុងផ្លាស់ប្តូរគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ

កោះកុង៖ប្រព័ន្ធទឹកទឹកស្អាត ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានធុងស្តុកទឹក ចំណុះ ១០ ០០០លីត្រ បានកំពុងចែកចាយទឹកស្អាត ដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសហគមន៍ អេកូទេសចរណ៍ជីផាត ក្នុងភូមិកំឡូត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រជាពលរដ្ឋ១៨៣គ្រួសារ ស្មើនឹងជាង ៨០០នាក់ មានទឹកស្អាតប្រើប្រាស់ តាមលំនៅឋាន មិនបាច់ចំណាយថវិកាច្រើន ទៅដឹកទឹកពីកន្លែងឆ្ងាយ និងទទួលបានទឹកមាន សុវត្ថិភាព ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចស្រោចស្រព ដំណាំកសិកម្មថែមទៀត។

លោក ម៉ែន វិបុល ជំទប់ទី២ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថាប្រព័ន្ធទឹកស្អាត នេះបាន សម្ពោធ ដាក់ឱ្យប្រើប្រាស់ កាលពី ខែមករា ឆ្នាំ ២០២៣។ មុននេះប្រជាពលរដ្ឋច្រើនគ្រួសារ ជួបការលំបាកខ្លាំង ក្នុងការប្រើប្រាស់ទឹក តែក្រោយអណ្តូងទឹកនេះបានដាក់ឱ្យដំណើរការមក បានជួយមួយផ្នែកយ៉ាងធំ ដល់ពួកគាត់ ពិសេសនោះគឺការចំណាយលើថ្លៃទឹកមានតម្លៃទាប។

អ្នកស្រី ស៊ីន ស៊ីថា ប្រជាពលរដ្ឋ នៅភូមិកំឡូត បានប្រាប់ឱ្យដឹងថា ”ពួកខ្ញុំធ្លាប់តែជួបការលំបាក រកទឹកស្ងាតប្រើប្រាស់ ណាស់គឺទឹកដែលដងពីព្រែកវាល្អ់ក ពណ៌ក្រហម មានក្លិន តែក្រោយមានអណ្តូងទឹក របស់គម្រោងរេដបូកជួរភ្នំក្រវាញ បានជួយឱ្យពួកខ្ញុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ រហូតឈានដល់ស្រោចដំណាំខ្លះថែមទៀត។ ពួកខ្ញុំតទឹកដល់ផ្ទះតែម្តង ដូចគ្នាយើងមានទឹកម៉ាស៊ីនដែរ”។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គម្រោងរេដបូកជួរភ្នំក្រវាញ បានជួយជីកអណ្តូងទឹក ខ្នាតដ៏ធំមួយសម្រាប់សហគមន៍ដែល ដំណើរការដោយថាមពលព្រះអាទិត្យ និងផ្លូវភូមិក្រាលក្រួសក្រហមចំនួន ៣ខ្សែរបស់សហគមន៍ជនបទ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងផងដែរ។ ក្រៅពីនេះគម្រោងនៅបានផ្តល់អាហាររូបករណ៍ ដល់និស្សិតក្រីក្រសហគមន៍អេកូទេសចរណ៍ជីផាតនេះ ចំនួន៦នាក់ថែមទៀត។ និស្សិតបានទទួលការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ ដោយគម្រោង ទទួលខុសត្រូវទាំងស្រុង រួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ សម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាពជាដើម។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា៖ គម្រោងរេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង បានអនុវត្តនៅក្នុងតំបន់ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះតំបន់ជួរភ្នំក្រវាញ ស្ថិតនៅក្នុងទីតាំងមួយ ប្រកបដោយលក្ខណៈយុទ្ធសាស្រ្ត ដែលជាជញ្ជាំងសំរាប់ការពារប្រទេសកម្ពុជា ទប់ទល់និងផលប៉ះពាល់គ្រប់បែបយ៉ាង រាប់តាំងពីគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះជាដើម។
ឯកឧត្តម បន្ថែមថា តំបន់ជួរភ្នំក្រវាញ នៅមានបំពេញមុខងារដ៏សំខាន់ផ្សេងទៀត ដូចជាការធ្វើជា និយ័តកម្មទឹកភ្លៀង ការទប់ការហូរច្រោះជាដើម។ ពេលនេះយើងទទួលបានជោគជ័យក្នុង ពីការគ្រប់គ្រងព្រៃឈើ តាមរយៈការរៀបចំឥណទានកាបូនស្មគ្រចិត្ត ហើយមានប្រទេសផ្សេងៗទៀត បានមកសុំរៀនពីកម្ពុជា រួមមានប្រទេសឥណ្ឌុនេស៊ី ប្រទេស ណេប៉ាល់ ជាដើម ។

គួរបញ្ជាក់ថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអ្នកអនុវត្តគម្រោង។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បង្កើតឡើង ក្នុងឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ន ហើយបានលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner