នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពចំពោះ អាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់ ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP)

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូនេស៊ី ។
 
នៅក្នុជំនួបនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការ អាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថា នេះជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្ម នៅក្រៅប្រទេស ។

ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តម ក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី ហើយថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេចមហាបវរ ធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម្ភ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការរបស់អាស៊ានក្នុងនោះមានបញ្ហាជាច្រើន មានដូចខាងក្រោម៖

ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយ អាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់ ២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់ អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោនៅក្នុងកិច្ចការរបស់អាស៊ាន ដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។ អាស៊ាន បានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃគឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មក គឺការអនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន ។

សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។

សម្ដេចធិបតី ហ៊ុនម៉ាណែត ក៏បានឯកភាពចំពោះ អាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន យល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព  ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។ ដូច្នេះ អាស៊ាន ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សាសន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេសលើបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី បានលើកឡើងថា អាស៊ានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនភូមា។

ក្នុងឱកាសនោះដែរ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថា ការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល។ សម្ដេច ក៏ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

សម្ដេចធិបតី បានថ្លែងអំណរគុណដល់អគ្គលេខាធិការ អាស៊ាន និង គណៈប្រតិភូ និងបានជូនពរជួបប្រទះជោគជ័យ ក្នុងការបំពេញបេសកកម្មនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner