រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និង របៀបរបបការងារថ្នាក់ដឹកនាំក្នុងក្រសួងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីនេះឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព័ត៌មាន នោះគឺការប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលទំនើប រស់រវើក សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០រូប ទទួលបាននូវការផ្តល់ជូននិងការពន្យល់ពីភារកិច្ចនិងការងាររបស់ខ្លួនច្បាស់លាស់ពីឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងព័ត៌មានគ្រប់រូបត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឲ្យភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីក្រសួងទាំងអស់ ក្នុងគោលដៅបង្កើនភាពស្និទស្នាល និងពង្រងឹងកិច្ចសហការការងារដើម្បីសម្រេចលទ្ធផលរួមគ្នា។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃនេះតទៅទ្វារបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ ត្រូវបានបើកចំហ ហើយថ្នាក់ដឹកនាំត្រូវអនុវត្តការងារដោយមានការប្រឹក្សាពីអគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តការងាររបស់ក្រសួងទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ទន្ទឹមនឹងសេចក្តីសម្រេចផ្លូវការនានា ការបែកចែកតួនាទីជូនមន្រ្តី ត្រូវបានចាត់ទុកជាចំណុចអាទិភាព និងត្រូវបានធ្វើឡើងដោយឈរលើទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដោយឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តនិងជំរុញមន្ត្រីទាំងអស់នៃក្រសួងព័ត៌មាន ត្រូវរួមសាមគ្គីគ្នា បំពេញកិច្ចការតាមជំនាញ នាដោយការយកចិត្តទុកដាក់ខ្ពស់ហើយប្រកបដោយគុណាធិបតេយ្យនិងគុណធម៌។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីផ្លាស់ប្តូរមុខមាត់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែប្រសើរទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner