ជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី៖ ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី, នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយសម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត



