អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ឯកឧត្តម ស៊ាន បូរ៉ាន

ភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោម ក្នុងនោះរួមមាន អនុស្សរណៈយោគយល់គ្នារវាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនជាមួយទស្សនាវដ្តីពិភពលោកសហសម័យចិនសម្រាប់ឆ្នាំ២០២៣-២០២៥, អនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ចប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកអប់រំ ក៏ដូចជាការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

ពិធីចុះហត្ថលេខានេះធ្វើឡើង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារចាយ៉ាស្មាត រាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក ។

កម្ពុជា-ចិន ត្រូវបានគេមើលឃើញថា កាន់តែមានអត្ថិភាពល្អប្រសើរឡើងជាលំដាប់ និងស្អិតរមួតបន្ថែមទៀត ស្របតាមគន្លងដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនេះភាគីទំាងពីរក៏បានប្តេជ្ញាក្នុងការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស បន្តជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗបន្ថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner