រកឃើញសំបុកសត្វក្រៀល ១សំបុកទៀត នៅខែសីហា ក្នុងដែនជម្រកកែវសីមា

ខេត្តមណ្ឌលគិរី៖ សំបុកសត្វក្រៀល ១សំបុកត្រូវបានរកឃើញជាថ្មីម្តងទៀត កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្នុង ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្ត មណ្ឌលគិរី ។

គួរបញ្ជាក់ថា ការរកឃើញនេះបន្ទាប់ពីក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំខេត្តមណ្ឌលគិរី រកឃើញជាលើកដំបូង នៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានភូមិសាស្ត្រស្ថិតនៅ ក្នុងភូមិស្រែអណ្តោល ដែលជាព្រំប្រទល់រវាង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។

បើតាមការចុះផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា តាមរយៈការពិនិត្យទៅលើសំបុក និងសំបកស៊ុតដែលបានញាស់ បានបង្ហាញអោយឃើញថា កូនសត្វក្រៀលចំនួន ២ក្បាល បានញាស់ចេញពីសំបុកដោយសុវត្ថិភាព។

សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីប្រហមរបស់អង្គការ IUCN និងកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបំពុល ការរានដីធ្វើកសិកម្មនៅតំបន់ដីសើម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីជម្រក ចំណីអាហារ និងវត្តបន្តពូជរបស់សត្វប្រភេទនេះ។

សត្វក្រៀលគឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក មានកម្ពស់ប្រហែល ១,៧០ ម៉ែត្រ មានទំងន់ប្រមាណ ៥-១២ គីឡូក្រាមសំរាប់សត្វក្រៀលពេញវ័យ។ សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា ពីខែឧសភា ដល់ខែតុលា និងធ្វើសំបុកពងកូននៅតាមវាលស្មៅធំៗដែលជាតំបន់ដីសើម ក្នុងដែនជម្រកសត្វព្រៃកម្ពុជា ៕

ដោយ ៖ ម៉ាដេប៉ូ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner