ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញនិងលើកទឹកចិត្តវិស័យឯកជនប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា យើងគួរជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួម និងសហការពីវិស័យឯកជនឱ្យបានច្រើនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង តាមរយៈការចុះអនុស្សរណ:យោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដារបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។
ប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ កាលពីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុងនិងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។ លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូលដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កំរិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕
ប្រភព ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់