មេដឹកនាំកម្ពុជា-វៀតណាម-ឡាវ ឯកភាពជាគោលការណ៍ ៥ចំណុច ដើម្បីបន្តដោះស្រាយ និងសម្រេចឱ្យបានចំពោះបញ្ហាដែលនៅសេសសល់

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា វៀតណាម ឡាវ ឯកភាពជាគោការណ៍បីចំណុច ដើម្បីបន្តដោះស្រាយ និងសម្រេចឱ្យបានចំពោះបញ្ហាដែលនៅសេសសល់ ។ នេះបើតាមខ្លឹមសារសង្ខេបនៃការជួបទទួលទានអាហារពេលព្រឹក និង កិច្ចពិភាក្សាការងារត្រីភាគី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ខណៈការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបី តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោលការណ៍ ចំនួន ៥ចំណុច រួមមាន៖

ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។

ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។

ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។

ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន វប្បធម៌ និង ប្រពៃណី ។

ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍ ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner