ក្លិបកីឡាវាយកូនគោលទេសចរណ៍ខេត្តសៀមរាប នឹងរៀបចំការប្រកួតកីឡាវាយកូនគោលដើម្បីរៃអង្គាសថវិការជួយយុវជន និងយុវនារីចំនួន ៣០០នាក់
(ភ្នំពេញ)៖ ក្លិបកីឡាវាយកូនគោលទេសចរណ៍ខេត្តសៀមរាបបានប្រកាសថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នឹងរៀបចំការប្រកួតកីឡាវាយកូនគោលសប្បុរសធម៍មួយ ដែលមានការចូលរួមគាំទ្រពីសហភាពសព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវនារីចំនួន ៣០០នាក់ មកពីគ្រួសារក្រីក្រ ជុំវិញខេត្តសៀមរាប ដែលកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ធារកិច្ច រយៈពេល ៦ខែ ។
លោក Philip SET KAO ប្រធានក្លិបកីឡាវាយកូនគោលទេសចរណ៍ បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលសប្បុរសធម៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រមូលនិធិសប្បុរសធម៍ពីកីឡាករកីឡាការិនីជាតិនិងអន្តរជាតិដែលមកចូលរួម និងថវិកា ដែលសល់ពីការរៀបចំយកទៅជួយដល់យុវជន និងយុវនារីចំនួន ៣០០នាក់ មកពីគ្រួសារក្រីក្រ ជុំវិញខេត្តសៀមរាប ដែលកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច រយៈពេល ៦ខែ។
ប្រធានក្លិបកីឡាវាយកូនគោលទេសចរណ៍ សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលសប្បុរសធម៌មួយនេះ នឹងមានការចូលរួមពីសំណាក់កីឡាករកីឡាការិនីជាតិនិងអន្តរជាតិយ៉ាងច្រើន ។
លោកថា ការប្រកួតនេះ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី៣០ ខែ កញ្ញា ដល់ថ្ងៃទី១ ខែតុលា ធ្វើឡើងចំនួន ២ទីលាន ប្រកួតថ្ងៃទី៣០ នៅលើទីលានកីឡាវាយកូនគោលផុកគីត្រាខនទ្រីក្លិប និងថ្ងៃទី១ ខែតុលា ប្រកួតនៅទីលានកីឡាវាយកូនគោល អង្គរ GOLF ។
ប្រធានក្លិបកូនគោលខាងលើ បានអំពាវនាវឲ្យកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិរួសរាន់ដាក់ពាក្យចូលរួមព្រឹត្តិការប្រកួត ដើម្បីភាពសប្បាយរីករាយ ទទួលបានសុខមាលភាព និងចូលរួមចំណែកជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តសៀមរាប និងចូលរួមជួយដល់យុវជន យុវនារីខ្វះខាតឲ្យទទួលបានជំនាញបដិសណ្ឋារកិច្ចជួយឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរនៅពេលអនាគត ។ បន្ថែមលើសពីនេះទៀតការប្រកួតនេះ ក៏មានរង្វាន់យ៉ាងច្រើន ដូចជា hole-in-one ប្រាក់រង្វាន់ ចំនួន ៥០០០ដុល្លារ, longest drives , nearest to the pin , រង្វាន់ផ្សងសំណាង សរុបជាង ១០០០០ដុល្លារទៀតផង ។
គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមួយនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ ផ្តួចផ្តើម ដោយ ឯកឧត្តម ទា សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលនៅកាន់តំណាងជាអភិបាលខេត្តសៀមរាប នៅឡើយ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ខេត្តសៀមរាប និងជួយជំរុញសេដ្ឋកិច្ចនៅខេត្តសៀមរាប ឲ្យងើបឡើងនៅសម័យជំងឺកូវីដ ៕
អត្ថបទ ៖ ជាវ ចន្ធូ