រដ្ឋមន្ត្រីការពារជាតិ៖ អ៊ុយក្រែនចំណាយ១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះ

គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយថា អ៊ុយក្រែន បានចំណាយប្រាក់ប្រហែល ១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះជាមួយរុស្ស៊ី។

មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់ ដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Ukrinform ដែលបានចុះផ្សាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដែលក្នុងពេលនោះដែរ លោកក៏បានច្រានចោលការចោទប្រកាន់អំពើពុករលួយ និងបានការពារគោលនយោបាយលទ្ធកម្មរបស់ក្រសួង អំឡុងពេលកាន់តំណែងរបស់លោក។

លោក Aleksey Reznikov បានច្រានចោលការអះអាងដែលថា យោធារបស់ប្រទេសនេះត្រូវបានផ្គត់ផ្គង់យ៉ាងទូលំទូលាយ ដោយអ្នកស្ម័គ្រចិត្ត និងការផ្តល់មូលនិធិ ដោយនិយាយថា ការទទួលយកបែបនេះគឺ “អយុត្តិធម៌” ដោយសារតែរដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល១០០ លានដុល្លារ ជារៀងរាល់ថ្ងៃ លើជម្លោះនេះ។

រដ្ឋមន្ត្រីដែលត្រូវចាកចេញពីតំណែងរូបនេះ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ភ្លាមៗ មុនពេលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង។ ការកាន់តំណែងរបស់លោករងនឹងរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងបានចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគ ទាក់ទនឹងវិស័យយោធា ក្នុងតម្លៃខ្ពស់មិនធម្មតា។

បទសម្ភាសន៍របស់ Reznikov បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីផែនការបណ្តេញលោក Reznikov ចេញពីតំណែង ដោយព្យាយាមជំនួសតំណែងនេះ ដោយប្រធានមូលនិធិអចលនទ្រព្យរដ្ឋអ៊ុយក្រែន បច្ចុប្បន្ន គឺលោក Rustem Umerov ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner