រដ្ឋមន្ត្រីទេសចរណ៍ ជំរុញដល់មន្ត្រីក្រោមឱវាទខិតខំពង្រឹងវិស័យទេសចរណ៍ជាតិ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធដែលមានការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជាង ២០០នាក់ នៅថ្ងៃអង្គារទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមទាំងអស់គ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់ឧត្តមភាពការងារដែលចាំបាច់ក្នុងការគាំទ្រដល់កម្មវិធីនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការចូលរួមចំណែករបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្ត កម្មវិធីនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈមនសិការ គុណធម៌ និងសីលធម៌ សម្រាប់បុគ្គលិក-និយោជិត និយោជក និងមន្រ្តីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើយ៉ាងណាធានាបានថា «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេសការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ានព្រមទាំងលើកកម្ពស់សុខុមាលភាព មន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាបន្ន ។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងអស់ត្រូវខិតខំ បំពេញការងារសំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងបន្ថែមទៀត តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធ ធានាគុណភាព ប្រព័ន្ធចំណាត់ថ្នាក់ ប្រព័ន្ធស្តង់ដារ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្មវិធីសិក្សាទេសចរណ៍និងការធ្វើសហថាមភាពការងារពាក់ព័ន្ធនឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញប្រសិទ្ធភាព និងសមិទ្ធផល ទៅតាមការរំពឹងទុក ដូចមានចែងក្នុងគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “ បង្កើន៥” និង“ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែល ឯកឧត្តមរដ្ឋមន្រ្តី ដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២៣ កន្លងទៅ ដោយផ្ដោតលើចង្កោមការងារអាទិភាពចំនួន៣ សំខាន់ៗ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតសារៈសំខាន់ក្នុង ការអភិវឌ្ឍធនធានមនុស្ស ជំរុញឧត្តមភាព ប្រកួតប្រជែងទេសចរណ៍, លើកកម្ពស់កិត្យានុភាពវប្បធម៌ និងប្រពៃណីជាតិ ឱ្យក្លាយជាគោលដៅ ទេសចរណ៍ ដ៏ទាក់ទាញប្រកប ដោយ សុវត្ថិភាព និងផាសុកភាព។ បន្ថែមពីនេះ ត្រូវធានាឱ្យបាននូវបរិយា បន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈកិច្ចសហការជាមួយគ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងការគ្រប់គ្រង និងគាំទ្រដល់សកម្មភាពធុរកិច្ច និងបុគ្គលបម្រើការក្នុងសេវាទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕ចាន់ វិចិត្រ



