ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សៀមរាប៖ នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន, អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន ២រូប ហេរញ្ញិក ១រូប និងសមាជិក សមាជិកាសរុបចំនួន ១៣រូប ព្រមទាំងសមាជិកបម្រុង ២រូប តាមសេចក្តីសម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ ។

ពិធីប្រកាសទទួលស្គាល់នេះរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ទៀ សីហា អតីត អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចនិងមុខតំណែង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត អាណត្តិទី៥ នាពេលនេះ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត ។

លោកជំទាវ អគ្គលេខាធិការ សូមជូនពរ គណៈកម្មាធិការថ្មី និងគណៈកិត្តិយសសាខា-អនុសាខាទទួលបានជោគជ័យថ្មីៗបន្ថែម) ជាពិសេសបន្តពង្រឹងពង្រីកសមាជិកភាព ផ្ដួចផ្ដើមរៀបចំយុទ្ធនាការកៀរគររកមូលនិធិ និងបន្តអនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កក្រក ដែលមាន ៤វិស័យ អាទិភាព រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ, ការថែទាំសុខភាពក្នុងសហគមន៍, ការលើកកម្ពស់គោលការណគ្រឹះ និងតម្លៃមនុស្សធម៌ និង ការអភិវឌ្ឍស្ថាប័ន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner