រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធាន មូលនិធិ W-FOUNDATION ជួបពិភាក្សា ការងារជាមួយគ្នា ពីការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងកិច្ចការពារ បរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យលោក Wook LEE ស្ថាបនិក និងជាប្រធាន មូលនិធិ W-FOUNDATION ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងកិច្ចការពារបរិស្ថាន។

ក្នុងជំនួបនោះ លោក Wook LEE បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពការងាររបស់មូលនិធិ W-FOUNDATION ក្នុងនាមជាដៃគូផ្លូវការរបស់ លេខាធិការដ្ឋាន អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសន្និសិទសហប្រជាជាតិស្តីពីការប្រែប្រួលអាការធាតុ។ សូមបញ្ជាក់ថា មូលនិធិ W-FOUNDATION មានបំណងសហការជាមួយនឹងក្រសួងបរិស្ថានលើសកម្មភាពកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឥណទានកាបូន ហិរញ្ញប្បទានបៃតង និងការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍មូលនិធិ W-FOUNDATIONក្នុងកិច្ចសហការលើកកម្ពស់ការចូលរួមពីវិស័យឯកជនលើកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានគូសបញ្ជាក់អំពីបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងការ អនុវត្តគោលនយោបាយបញ្ចកោណលើវិស័យបរិស្ថាន ក្នុងនោះរួមមាន ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយផ្តើមចេញពីសិស្សានុសិស្ស នៅតាមសាលារៀន ការដាំដើមឈើដើម្បីបង្កើនគម្របព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner