អត្តពលិកកីឡាវាយកូនបាល់អន្តរជាតិបង្ហាញទំនុកចិត្តលើកម្ពុជាការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ITF Asian 14U Junior Championships

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រITF Asian 14U Junior Championships ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របណ្តើរៗហើយ ខណៈការប្រកួតដំណើរការបានរយៈពេល៣ថ្ងៃដោយចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែ កញ្ញានេះ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានមរតកតេជោ។

សម្រាប់ការប្រកួតអន្តរជាតិនេះ ដំណើរការប្រកួតពីថ្ងៃទី៤នឹងបញ្ចប់នៅថ្ងៃទៅ៨ ខែ កញ្ញា ឆ្នាំ២០២៣ ដែលមាន ១៤ប្រទេសចូលរួមសរុបទាំងប្រទេស កម្ពុជាម្ចាស់ផ្ទះ ដែលទទួលបានសិទ្ធិពិសេស ដាក់កីឡាករ២រូប ដោយពុំបាច់ឆ្លងកាត់ការប្រកួតជម្រុះដូចបណ្តាប្រទេសផ្សេងៗមកចូលរួមឡើយ។

រយៈពេល៣ថ្ងៃនៃដំណើរការប្រកួតសង្កេតឃើញថា កីឡាករកីឡាការិនី គ្រូបង្វឹក និងប្រធានប្រតិភូដឹកនាំអត្តពលិកពុំមានការតវ៉ា ឬក៏សម្តែងការមិនពេញចិត្ត ចំពោះការរៀបចំនិងការទទួលបដិសណ្ឋាកិច្ចរបស់កម្ពុជាម្ចាស់ផ្ទះឡើយ។ ជាក់ស្តែង តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ពីក្រុមព័ត៌មានទូរទស្សន៍អប្សរា ទាំងកីឡាករ គ្រូបង្វឹក និងប្រតិភូ សុទ្ធសឹងតែបង្ហាញអារម្មណ៍រីករាយ និង សប្បាយចិត្ត ហើយចង់ឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទៀត ដើម្បីឲ្យពួកគាត់ បានមកប្រទេសកម្ពុជាទៀត។

ដោយឡែក កញ្ញា ស៊ុម ចន្តា កូនខ្មែររស់នៅអាមេរិក ទទួលបន្ទុកអ្នករៀបចំនិងសម្របសម្រួលការប្រកួត បានបញ្ជាក់ថា ក្នុងនាមកញ្ញា ជាកូនខ្មែរមួយរូប នាងពិតជាមានអារម្មណ៍មោទកភាពខ្លាំងណាស់ បើទោះបីតួនាទីមួយនេះ វារៀងលំបាកព្រោះត្រូវទំនាក់ទំនងជាមួយអត្តលិកដែលមកចូលរួម ទាំងការធ្វើដំណើរ ការប្រកួត និងការហូបចុកស្នាក់នៅរបស់អត្តពលិកចូលរួមទាំងអស់ក៏ដោយ ។ តែទោះជាបែបនេះក្តី នាងចង់ឲ្យការរៀបចំព្រឹត្តិការណ៍ទទួលបានជោគជ័យ ដើម្បីឲ្យអន្តរជាតិទទួលស្គាល់ថាកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះបាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ITF Asian 14U Junior Championships ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចូលរួមសរុប១៤ប្រទេសទាំងកម្ពុជា មានកីឡាករកីឡាការិនី៤៨នាក់ កីឡាករ២៤នាក់ និងកីឡាការិនី២៤នាក់ កីឡាករកីឡាការិនី ដែលមកប្រកួតប្រជែងនេះ គឺជាលំដាប់ល្អបំផុសប្រចាំតំបន់អាស៊ីត្រូវបានចំរាញ់ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ី៕

រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner