រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបជូនឯកអគ្គរាជទូតជប៉ុនអំពីការធ្វើទំនើបកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រសួងលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

(ភ្នំពេញ)៖ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ជូនដល់ ឯកអគ្គរាជទូតជប៉ុនអំពីការធ្វើទំនើបកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រសួងលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។

ការលើកឡើងពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មានក្នុងពេលដែល បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានបញ្ជាក់ថាឯកឧត្តមឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី ភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះគឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។

ក្នុងជំនួបនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនងល្អរវាងជប៉ុននិងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅដែលឯកឧត្តមមានជំនឿថាតាមរយៈកម្មវិធីនេះនឹងជួយឱ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រនិងវិស្វករ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។

ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន គូសបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនថាក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារនិងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះជប៉ុនដែលបានគាំទ្រនិងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយឯកឧត្តមបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជាលើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មក ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិត្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner