គ.ជ.ប បង្ហាញផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន បង្ហាញស្តីពីលទ្ធផលនៃប្រជុំដើម្បីពិនិត្យ និងសម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីសម្រេចស្តីពីការកែសម្រួល បទបញ្ជា និង នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងពិនិត្យ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំ ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោម វត្តមាន ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅនៅសាលប្រជុំរបស់ គ.ជ.ប ។ អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖
១៖ ឯកភាពជាគោលការណ៍លើប្រតិទិន និងផែនការមេ សម្រាប់ការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
២៖ឯកភាពជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥ .១.៥ និងកែសម្រួលខ្លឹមសារចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។
៣៖ ឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមានចំនួន ១០ជំពូក និងឧបសម្ព័ន្ធ ចំនួន៨។
ប្រភពដដែលបន្តថា ក្នុងឱកាសនេះដែរប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិភាក្សាជាមួយ ក្រសួង មហាផ្ទៃ អំពីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥ .១.៥ និងចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងរៀបចំបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់ មុននឹង គ.ជ.ប ពិនិត្យ និងសម្រេចជាផ្លូវការ៕ដោយ៖រ៉ាវុធ