រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រសូត្រចេញបានតែ ១៣ថ្ងៃ ទទួលបានជោគជ័យធំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ប្រកបដោយផ្លែផ្កា។

ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ប្រសូត្រចេញបានតែ ១៣ថ្ងៃ ក៏បានចេញបំពេញបេសកកម្មលើនយោបាយការបរទេស លើកដំបូង គឺការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋ ឥណ្ឌូនេស៊ី រយៈពេលបួនថ្ងៃ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ។នៅក្នុងបេសកកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូ បានចូលរួមក្នុងកិច្ចសរុបចំនួន ៣២អង្គប្រជុំ និងជំនួបពិភាក្សា ការងារជាមួយគ្រប់បណ្ដាមេដឹកនាំ អាស៊ាន រួមទាំងប្រទេសដៃគូ ផ្សេងៗទៀត ។

ឯកឧត្តមបានបន្តថា ចំពោះលទ្ធផលជោគជ័យនិងលេចធ្លោពី សកម្មភាព របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានពីរចំណុចពិសេស។

ទី១. បានលើកកម្ពស់ភាពស្របច្បាប់នៃរាជរដ្ឋាភិបាលថ្មី លើឆាក អន្តរជាតិ តាមរយៈការជួបដោយផ្ទាល់ និងការអបអរសាទរពីបណ្ដា មេដឹកនាំ អាស៊ាន និងមេដឹកនាំប្រទេសជាដៃគូជាមួយអាស៊ាន ចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

ទី២ លទ្ធផលក្នុងវិស័យធុរកិច្ច ដោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី បាន ចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ឆ្នាំ២០២៣ ដោយសម្ដេចបានលើកពីកិច្ចការធុរកិច្ច ភាពចាំនៃ អាស៊ាន និងជំរុញទាក់ទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ ទុននៅកម្ពុជា ។ ទន្ទឹមគ្នានោះដែរ មានធុរជន អញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញបំណង ចង់ជួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ដើម្បីបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ ទុនវិនិយោគនៅកម្ពុជាផងដែរ ខណៈ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ តបថា យើងស្វាគមន៍ជានិច្ច ។

ជាមួយនេះ ក្នុងជំនួបជាមួយមេដឹកនាំឥណ្ឌូនេស៊ី ក៏មានការចុះ ហត្ថលេខា ក្នុងការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូនេស៊ី ជំហានដំបូង ចំនួន ២៥ម៉ឺនតោន ។ក៏មានការចុះហត្ថលេខាជាមួយហ្វីលីពីន ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូល ដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន លើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ ភាព ជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់ វិស័យ កសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកប ដោយចីរភាព ។

នៅក្នុងសុន្ទរកថាទៅកាន់វេទិកា និងកិច្ចប្រជុំនានា សម្តេចធិបតី នាយករដ្ឋមន្តី្របាន គូសបញ្ជាក់ពីសារសំខាន់នៃ សន្តិភាព នៅក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់មនុស្សជាតិគ្រប់ប្រទេស និងគ្រប់តំបន់។ សម្ដេចធិបតី បានថ្លែងជាអាទិ៍ថា សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយក៏គ្មានការអភិវឌ្ឍណាអាចកើតឡើងដោយគ្មានសុខ សន្តិភាព ពេញលេញនោះដែរ។

គួរកត់សម្គាល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គ មេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្តេចជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវ ទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ច សន្ទនា ជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង មហា អំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំ ប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ជារួមក្នុងកំលុងពេលបំពេញបេសកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង ហ្សាការតា សាធារណរដ្ឋ ឥណ្ឌូនេស៊ី ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកញ្ញាសម្តេចធិបតី បាន អញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅ ផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ កំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបឡើយ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner