ស្ពានបេតុងខ្សែកាបពីទីក្រុងកោះពេជ្រ ទៅកោះនរា ត្រៀមសម្ពោធដាក់ ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌខាងមុខ
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កេីត ឆែ បានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរាសម្រេចបានប្រមាណ៩២ភាគរយ ហេីយនៅថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អភិបាលរាជធានីភ្នំពេញនឹងអញ្ជេីញ ចូលរួមជាគណៈអធិបតីក្នុងពិធីតភ្ជាប់ស្ពានបេតុងខ្សែកាបនេះ ។
លោក កេីត ឆែ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៨ ខែកញ្ញាថា តាម ផែនការ ស្ពានខ្សែកាប នេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា មុនព្រះរាជពិធីបុណ្យអុំទូក ។
ស្ពានថ្មីនេះនឹងភ្ជាប់ចរាចរណ៍ពីតំបន់ភូមិសាស្ត្រក្នុងរាជធានីទៅកាន់តំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកក ស្ទះ ចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពានមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ គ្រោងសាងសង់៣៥ខែ ដោយ ចំណាយ ថវិកា៣៨ លានដុល្លារ ដែលជាថវិកាបដិភាគ វិនិយោគរបស់ក្រុមហ៊ុនOCIC រួមជាមួយថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន ទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់សម្រាប់ផលប្រយោជន៍រួម និងក៏ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិតថែមទៀតផងដែរ ៕ ដោយ ៖ ជីម ភារ៉ា