រដ្ឋាភិបាល និងរដ្ឋសភាកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងកម្ពុជា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
ភ្នំពេញ៖ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា រដ្ឋាភិបាល និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងសង្ឃឹមថាកូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គ សម្រាប់វិបុលភាព និងការអភិវឌ្ឍនាពេលអនាគត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម គីម ជីន ព្យូ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា និងសម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សម្ដេចធិបតី ក៏បានជម្រាបជូនឯកឧត្តម គីម ជីន ព្យូ ផងដែរអំពីជំនួបទ្វេភាគីដ៏ល្អប្រសើររវាង សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី យូក ស៊កយ៉ល នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអបអរសាទរជូនចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី កម្ពុជានឹងអាចសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម ក៏បានរំលឹកអំពីការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម គីម ជីន ព្យូ ចំពោះការអបអរសាទរ និងបានបញ្ជាក់អំពីស្ថានភាពនៃការបោះឆ្នោតសកលនៅកម្ពុជា ដែលទទួលបានការចូលរួមយ៉ាងកុះករពីប្រជាពលរដ្ឋ។ លទ្ធផលនៃការបោះឆ្នោតនេះ ក៏បង្ហាញអំពីការពេញចិត្ត និងភាពកក់ក្តៅនៃការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ និងការដាក់ចេញគោលនយោបាយគាំពារសង្គមដ៏មានប្រសិទ្ធភាពជាដើម។ ក្នុងស្មារតីនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនោះឡើយ។
សម្ដេចធិបតី និងឯកឧត្តម គីម ជីន ព្យូ បានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាក់ស្ដែង សម្តេចធិបតី បានស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងបានស្នើដល់ភាគីកូរ៉េពង្រីកបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើម។ សម្ដេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់ ឯកឧត្តម គីម ជីន ព្យូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតាដល់ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការពង្រីកការផ្សារភ្ជាប់រវាង ប្រជាជន និងប្រជាជនដោយកម្ពុជាបន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចកវិទ្យាទំនើបៗ ក៏ដូចជាការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាចុងបញ្ចប់ សម្ដេចធិបតី បានជូនពរ ដល់ ឯកឧត្តម គីម ជីន លូ និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្ម និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត