ក.ប.ប. បន្តផ្តល់ការអប់រំដល់សិស្សានុសិស្ស និងអាជីវករ អំពីសុវត្ថិភាពម្ហូបអាហារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបន្តផ្តល់ការអប់រំជូនដល់សិស្សានុសិស្ស និងអាជីវករលក់ដូរនៅតាមសាលារៀន ពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុខុមាលភាពសាធារណៈ។

យោងតាមទំព័រហ្វេសប៊ុករបស់ ក.ប.ប.បានឱ្យដឹងថា នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានសាខា ក.ប.ប. នៃរាជធានីភ្នំពេញ និងខេត្តកំពង់ចាម បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ។ វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព អគ្គនាយករង ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់។

ក្នុងឱកាសនេះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលារៀន និងបានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារចំនួន៣៥០ផ្ទាំង ជូនដល់អ្នកចូលរួមទាំងអស់។

បន្ថែមពីនេះ មន្រ្តីជំនាញក៏បានធ្វើបទបង្ហាញ ផ្តល់ចំណេះដឹងជាមូលដ្ឋាន សម្រាប់អ្នកចូលរួម ដែលជាអ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។

ពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារនៅតាមសាលារៀននេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់លក់អាហារចំនួនប្រាំមួយប្រភេទនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស គឺមានដូចជា ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។ ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ ព្រមទាំងចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម និងតំណាប់ផ្អែមគ្រប់ប្រភេទ។

ក្រៅពីអាហារហាមឃាត់នេះ អាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព ក៏ត្រូវហាមឃាត់នៅតាមគ្រឹះស្ថានសិក្សាដែរនោះ ដែលមានដូចជា ចំណីអាហារដែលមានជាតិស្ករខ្ពស់ ចំណីអាហារផ្អែមខ្លាំង ប្រើមេស្ករ ចំណីអាហារមានខ្លាញ់ច្រើនដូចជា នំកញ្ចប់ អាហារចៀន អាហារបំពង ចំណីអាហារមានជាតិប្រៃខ្លាំងដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់ លៀសហាល ដំឡូងបំពងដាក់កំប៉ុង ចំណីអាហារដែលចម្អិនមិនបានល្អ និងរៀបចំទុកដាក់មិនបានត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យអ្នកលក់ដូរនៅតាមគ្រឹះស្ថានសិក្សា ត្រូវលក់តែផលិតផលណាដែលស្គាល់ប្រភពផលិតច្បាស់លាស់ ដូចជា សាច់ប៉ាតេ សាច់ក្រក សាច់ហតដក ប្រហិត គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស្លាបមាន់ ឬជើងមាន់, នំប៉័ងដាក់សាច់ និងជ្រក់ សាន់វេច, ស៊ុតគ្រប់ប្រភេទ និងនំដែលមានស្នូលធ្វើពីស៊ុតជាដើម។ល៕ ដោយ៖ សុខ រក្សា

ads banner