សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើលើកកម្ពស់កម្រិតនៃ ទំនាក់ទំនង រវាង កម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើលើកកម្ពស់ កម្រិត នៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ។ នេះបើតាមសេចក្តីប្រកាស ព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ជីនព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។
នៅក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការ ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម គីម ជីនព្យូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលនូវ លទ្ធផល ប្រកបដោយផ្លែផ្កា តាមរយៈជំនួប ជាមួយថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា និង សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ។ សម្ដេច ធិបតី ក៏បានជម្រាបជូន ឯកឧត្តម គីម ជីនព្យូ ផងដែរអំពីជំនួបទ្វេភាគីដ៏ល្អប្រសើររវាង សម្ដេច និង ឯកឧត្តម ប្រធានាធិ បតី យូន ស៊កយ៉ុល នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី នៅក្នុងអំឡុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ។
ក្នុងឱកាសនេះដែរឯកឧត្តម គីម ជីនព្យូ បានសម្តែងនូវការអបអរ សាទរ ជូនចំពោះ សម្ដេចធិបតី ដែលត្រូវបាន ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី កម្ពុជានឹងអាច សម្រេច បាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម ក៏បានរំលឹកអំពីការរីក ចម្រើននៃវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ច បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧។
ជាមួយគ្នានេះ រដ្ឋាភិបាល និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹង បន្តកិច្ច សហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញ ការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងសង្ឃឹមថាកូរ៉េនិងកម្ពុជានឹងបន្ត គាំទ្រគ្នា ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គ សម្រាប់វិបុលភាព និងការអភិវឌ្ឍនាពេលអនាគត។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម គីម ជីនព្យូ ចំពោះការអបអរសាទរ និងបានបញ្ជាក់អំពីស្ថានភាព នៃ ការបោះឆ្នោតសកលនៅកម្ពុជា ដែលទទួលបានការចូលរួម យ៉ាង កុះករពី ប្រជាពលរដ្ឋ។ លទ្ធផលនៃការបោះឆ្នោតនេះ ក៏បង្ហាញ អំពីការពេញចិត្ត និងភាពកក់ក្ដៅនៃការដឹកនាំរបស់ សម្តេច តេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ និងការដាក់ចេញគោល នយោបាយ គាំពារសង្គមដ៏មានប្រសិទ្ធភាពជាដើម។ ក្នុងស្មារតីនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែល តែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ថា ការរីកចម្រើន របស់កម្ពុជាសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់ រដ្ឋាភិ បាល និងប្រជាជនកូរ៉េនោះឡើយ។
សម្ដេចធិបតី និង ឯកឧត្តម គីម ជីនព្យូ បានបន្តពិភាក្សាអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាក់ស្តែង សម្ដេចធិបតី បានស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងបានស្នើដល់ភាគីកូរ៉េ ពង្រីក បន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េមកកាន់ កម្ពុជា ជាដើម។
សម្ដេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់ ឯកឧត្តម គីម ជីន លូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទ ទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃ ប្រទេស ទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតា ដល់ ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការពង្រីកការ ផ្សារ ភ្ជាប់រវាង ប្រជាជន និងប្រជាជនដោយកម្ពុជាបន្តបង្ហាញ ជំហរគាំទ្រ បេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោក នៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុង វិស័យវិស្វកម្ម កសិកម្ម និងបច្ចកវិទ្យា ទំនើបៗ ក៏ដូចជាការវិនិយោគ លើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជូនពរ ដល់ ឯកឧត្តម គីម ជីនព្យូ និងគណៈប្រតិភូ ឱ្យទទួលបាន ជោគជ័យក្នុងបេសកកម្ម និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ