កម្ពុជាចង់រៀបចំព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញនូវគម្រោងនាអនាគត ដែលចង់រៀបចំព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីកម្ពុជា ប៉ុន្តែត្រូវសិក្សានូវលទ្ធភាពនោះជាមុនសិន។

ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីប្រទេសកាណាដា ក្នុងឆ្នាំ២០២៣នេះ បានទទួលមេដាយសរុប ៧១គ្រឿង ក្នុងនោះមេដាយមាស៣៣គ្រឿង, ប្រាក់២៨, និងសំរិទ្ធ៩។

ព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីប្រទេសកាណាដា មានរយៈពេល ៩ថ្ងៃចាប់ផ្តើមពីថ្ងៃទី២៨កក្កដា ដល់៦សីហា ចូលរួមពីកីឡាករប៉ូលីសមកពី ប្រទេសជាង៧០នៅលើសកលលោក។

ក្នុងការប្រកួតរយៈពេល៩ថ្ងៃ ដែលមានវិញ្ញាសាសរុប៦៣កីឡា, កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិ ចំនួន ៤៨នាក់សម្រាប់តែវិញ្ញាសារចំនួន១៣។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្ដិបណ្ឌិត ស សុខា ក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា កម្ពុជានឹងស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកនោះ ក្នុងកម្រិតណាមួយ នាថ្ងៃអនាគត ប៉ុន្តែលោកបានស្នើមន្ដ្រីជំនាញធ្វើការត្រួតពិនិត្យនូវលក្ខខណ្ឌ និងសិក្សាពីលទ្ធភាពជាមុនសិន។

គម្រោងរបស់កម្ពុជា អាចនឹងស្នើសុំរហូតនៅក្នុងឆ្នាំ២០២៧ ដោយសារតែក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡានោះ និងនៅឆ្នាំ២០២៧ នៅមិនទាន់មានការកំណត់ថានឹងគ្រោងធ្វើនៅក្នុងប្រទេសណាមួយឡើយ។

ព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» តែងធ្វើក្នុងរយៈពេល ២ឆ្នាំម្តងជាទៀងទាត់។

ads banner