៨ខែកម្ពុជានាំទំនិញចេញបានចំណូលជាង១ម៉ឺន៥ពាន់លានដុល្លារ (Video Inside)

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រយៈពេល ៨ខែឆ្នាំ២០២៣ បានទទួលចំណូលជាង ១ម៉ឺន ៥ពាន់ ៦៩២លានដុល្លារ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញនេះ មានការកើនឡើងប្រមាណ ០,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ កាលពីឆ្នាំ២០២២ ក្នុងរយៈពេល៨ខែដើមឆ្នាំ ចំណូលបានមកពីការនាំទំនិញសំខាន់ៗ ចេញក្រៅប្រទេស មានចំនួន១៥,៦៤១ លានដុល្លារ។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញ រួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារថយចុះ ៤.៨%, ចិន មានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាមមានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុនមានតម្លៃជាង ៧៧០លានដុល្លារថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងបន្លែដែលអាចបិរភោគបានជាដើម។

ads banner