គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅចុងសប្តាហ៍នេះ
ព្យុងយ៉ាង៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា នៅចុងសប្តាហ៍នេះ គណៈប្រតិភូបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូរដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក លៀវ ហ្គួចុង (Liu Guozhong) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រារព្ធទិវាទទួលបានឯករាជ្យរបស់ប្រទេសកូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង។ គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ត្រូវបានដឹកនាំដោយលោក គីម ចុងអ៊ុន (Kim Jong Un) ដោយវង្សត្រកូលគ្រួសាររបស់លោក បានគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីគណៈកម្មាធិការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មកម៉្លេះ។
ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធទិវាទទួលបានឯករាជ្យរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថាជាទិវានៃមូលដ្ឋានគ្រឹះរបស់សាធារណរដ្ឋ ហើយឆ្នាំនេះគឺជាការប្រារព្ធខួបលើកទី៧៥ រាប់ចាប់តាំងពីឧបទ្វីបមួយនេះ ត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន។
ក្រុមមន្ត្រីអាមេរិកបានលើកឡើងថា លោក គីម ក៏អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះផងដែរ ហើយវានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេស រាប់ចាប់តាំងពីពេលមុនការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម អាចនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងលក់អាវុធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
យោងតាមកាសែត New York Times ដែលបានដកស្រង់សម្តីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះថា ដំណើរទស្សនកិច្ចអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ ដោយឡែក រុស្ស៊ីបានលើកឡើងថា ខ្លួនមិនមានអ្វីត្រូវនិយាយជុំវិញរបាយការណ៍នេះនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក៏មិនបានលើកឡើងពីដំណើរទស្សនកិច្ចណាមួយទៅកាន់ប្រទេសរុស្ស៊ីនោះដែរ។
កាលពីខែកក្កដា គណៈប្រតិភូចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ហើយបានចូលរួមក្បួនដង្ហែរយោធាដើម្បីរំឭកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូចិន ចាប់តាំងពីពេលចាប់ផ្ដើមនៃជំងឺរាតត្បាតកូវីដ១៩។
ក្នុងអំឡុងពេលព្យុហយាត្រានោះ គេបានឃើញប្រព័ន្ធផ្សព្វផ្សាយ KCNA ចេញផ្សាយរូបថតរបស់លោក លី និងរដ្ឋមន្ត្រីការពារជាតិរុស្សីលោក ស៊ាហ្កៃ សូវហ្គូ (Sergei Shoigu) ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះផងដែរនោះ ឈរកៀកស្មាជាមួយលោក គីម នៅពេលពួកគេកំពុងមើលគ្រាប់មីស៊ីលផ្លោងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សម្រាប់គ្រាប់មីស៊ីលផ្លោងនុយក្លេអ៊ែរនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែងតែបានធ្វើការហាមឃាត់កូរ៉េខាងជើង មិនឱ្យមានការអភិវឌ្ឍឡើងមកឡើយ។
គួររំឭកថា កាលពីខែមុន ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន អាចត្រឡប់ចូលទៅក្នុងប្រទេសវិញជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលកូរ៉េខាងជើងបានបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩៕ ប្រែសម្រួលដោយ៖ ធា សុណា