សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ក៏បានទាញផលប្រយោជន៍សេដ្ឋកិច្ចជូនជាតិផងដែរ

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ក៏បានប្រើនយោបាយការទូតដ៏វៃឆ្លាតជាមួយប្រទេសដៃគូ ទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនជាតិផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានបង្ហាញជំហរនយោបាយ ដល់ប្រទេសនានាលើពិភពលោក តាមរយៈជំនួបដាច់ដោយឡែកជាមួយបណ្តាប្រទេសទាំងនោះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះ មានការប្តេជ្ញាចិត្តរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងទំនាក់ទំនងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពកម្ពុជា និងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កម្ពុជា បានប្រើនយោបាយការទូតដ៏វៃឆ្លាតជាមួយប្រទេសដៃគូ រួមមាន៖ ការចុះកិច្ចព្រមព្រៀងលក់អង្ករបានប្រមាណ២៥ម៉ឺនតោន, ទេសចរណ៍,ការបន្ថែមការបើកជើ់ងហោះហើរជាមួយប្រទេសនានា,ថាមពល និងផ្នែកសំខាន់ផ្សេងៗជាច្រើនទៀត ។

សូមជម្រាបថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ ដោយសម្ដេចបានលើកពីកិច្ចការធុរកិច្ចភាពចាំនៃអាស៊ាន និងជំរុញទាក់ទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ទុននៅកម្ពុជា ។ ទន្ទឹមគ្នានោះដែរ មានធុរជន អញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញបំណងចង់ជួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ដើម្បីបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាផងដែរ ខណៈសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់តបថា យើងស្វាគមន៍ជានិច្ច ។

ជាមួយនេះ ក្នុងជំនួបជាមួយមេដឹកនាំឥណ្ឌូនេស៊ី ក៏មានការចុះហត្ថលេខា ក្នុងការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូនេស៊ី ជំហានដំបូងចំនួន ២៥ម៉ឺនតោនផងដែរ ។

ជាមួយគ្នានេះ ក៏មានការចុះហត្ថលេខាជាមួយហ្វីលីពីន ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន លើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព ។

នៅក្នុងសុន្ទរកថាទៅកាន់វេទិកា និងកិច្ចប្រជុំនានា សម្តេចមហាបវរធិបតីនាយករដ្ឋមន្តី បាន គូសបញ្ជាក់ពីសារសំខាន់នៃ សន្តិភាព នៅក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់មនុស្សជាតិគ្រប់ប្រទេស និងគ្រប់តំបន់។ សម្ដេចធិបតី បានថ្លែងជាអាទិ៍ថា សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយក៏គ្មានការអភិវឌ្ឍណាអាចកើតឡើងដោយគ្មានសុខសន្តិភាពពេញលេញនោះដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner