សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា អង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស ទាំងអស់ក្នុងតំបន់ និងប្រទេសដៃគូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះក្រុមអ្នកវិភាគដូរបាយមួយក្តាប់តូចថា កម្ពុជា អង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់នៃពិភពលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ។ ការឆ្លើយតបដូច្នេះ ក្រោយក្រុមអ្នកវិភាគមួយក្តាប់តូចដែលកំពុងរស់នៅក្រៅស្រុក លើកឡើងថា នាយករដ្ឋមន្រ្តីថ្មី ដែលដឹកនាំដោយសម្តេច គឺគ្មានអ្នកណាទទួលស្គាល់នោះទេ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាបទពិសោធិ៍ថ្មីសម្រាប់សម្តេច ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំដ៏មមាញឹកបំផុត ប្រជុំរហូតដល់ដាច់បាយ ដែលសម្តេចផ្ទាល់បានស្រកជាង ១គីឡូក្រាម ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះក្រុមអ្នកវិភាគដូរបាយ មួយក្តាប់តូច ដែលកំពុងរស់នៅក្រៅស្រុក ដោយបានលើកឡើងថា នាយករដ្ឋមន្រ្តីថ្មី ដែលដឹកនាំដោយសម្តេច គឺគ្មានអ្នកណាទទួលស្គាល់នោះ គឺមិនអាចនោះទេ ខណៈការទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ីនាពេលកន្លងទៅ គឺកម្ពុជា អង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់ក្នុងតំបន់ និងប្រទេសដៃគូ ដែលបានអញ្ជើញទៅចូលរួមនៃកិច្ចប្រជុំនេះ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើទោះបីប្រទេសកម្ពុជាតូច តែនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ត្រូវបានឱ្យតម្លៃស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដូចបណ្តាប្រទេសដទៃទៀតយ៉ាងដូច្នេះដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner