សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ឈរលើគោលការណ៍ «ចេះ គឺជាប់»
(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្របខណ្ឌ។ ក្នុងន័យនេះ សម្តេចធិបតី បានប្រកាសថា ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់» ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាលស្រដៀងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ។ សម្ដេចថា ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បី ធានាឱ្យបាននូវភាពត្រឹមត្រូវ មានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះ គឺជាប់» នេះហើយជាគោលការណ៍របស់យើង ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺមានយន្តការតែមួយនៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌយន្តការថ្នាក់ជាតិ ឱ្យបានយុត្តិធម៌។ ដោយឡែកមន្រ្តីកិច្ចសន្យា ប្រគល់សិទ្ធិជូនក្រសួងស្ថាប័ន បន្តធ្វើនីតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។
សម្តេចបានបន្តថា ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់ និងថ្មី ដើម្បីធ្វើការជាមួយគ្នា និងបន្តពិនិត្យមើល ដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង ។ សម្តេចថា កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីកំណែទម្រង់ ។

នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី
សូមជម្រាបថា តាមរយៈសារសម្លេងពិសេស នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីសិន ។
ក្នុងសាសម្លេងពិសេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើងនៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិវិធីប្រឡង នៅក្នុងឆ្នាំ២០២៣។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះ ការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តី ចាប់ពីពេលនេះទៅ រហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ខាងមុខនេះរួចរាល់ ៕
អត្ថបទ ៖ វណ្ណ លុក
រូបភាព ៖ វ៉េង លីមហួត . សួង ពិសិដ្ឋ . ង៉ាន់ ទិត្យ