ក្រសួងកសិកម្ម នឹងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិតផ្នែកកសិកម្មដែលសិក្សានៅក្រៅប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ជាពិសេសនិស្សិតផ្នែកកសិកម្ម ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេស ខណៈនិស្សិតនៅក្នុងវិស័យនេះជាង ១០០នាក់ទៀត ត្រៀមទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ទទួលយកចំណេះដឹងថ្មីៗមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

នាពិធីសំណេះសំណាល និងជូនដំណើរនិស្សិតកសិកម្មកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា និស្សិតដែលបានទៅហាត់ការនៅប្រទសអ៊ីស្រាអែលនាពេលនេះ គឺជាធនធានដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា នៅពេលត្រលប់មកវិញ។ ហេតុដូចនេះទើបរដ្ឋមន្រ្តីក្រសួងកសិកម្ម មានគាំទ្រយ៉ាងខ្លាំង ចំពោះកម្មវិធីហាត់ការនេះ ដោយថែមទាំងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេសផងដែរ។ នេះបើតាមក្រសួងកសិកម្ម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ឯកឧត្តម ចាន់ សុវុឌ្ឍ ក៏បានណែនាំដល់ក្រុមនិស្សិតហាត់ការត្រូវយកចិត្តទុកដាក់រៀនសូត្រនិងព្យាយាមធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យាទំនើប ការស្វែងយល់ពីទីផ្សារ ការស្រាវជ្រាវផ្សេងៗ ជាពិសេសពង្រឹងសមត្ថភាពឱ្យទាន់ឧស្សាហកម្ម ៤.០ ដើម្បីប្រែក្លាយកសិកម្មប្រកបដោយទំនើបកម្ម និងអាចធ្វើពាណិជ្ជកម្ម ដើម្បីជួយដល់កសិករមានជីវភាពប្រសើរឡើង និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

ក្រោយពីបានបញ្ជូននិស្សិតទាំង ២៥៥នាក់ទៅហាត់ការរយៈពេល ១១ខែនៅប្រទេសអ៊ីស្រាអែល កាលពីចុងខែសីហាមក នៅខែកញ្ញានេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជ្រើសរើសនិស្សិត១០៨នាក់ទៀតក្នុងនោះស្រី៦២នាក់ ទៅកាន់ប្រទេសនេះ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោយទទួលបានការតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ជារឿយៗ តែងតែលើកឡើងនូវគោលនយោបាយកសិកម្មអាណត្តិថ្មី នីតិកាលទី៧នេះ ដែលកម្ពុជាត្រូវធ្វើទំនើបកម្ម ដើម្បីបង្កើនផលិតភាព គុណភាព លើកកម្ពស់ការនាំចេញឱ្យមានប្រសិទ្ធភាព និងខ្សែច្រវាក់តម្លៃល្អ ឱ្យកសិករចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

តាមរយៈគោលនយោបាយនេះ លោករដ្ឋមន្រ្តី តែងតែជំរុញឱ្យមានការពង្រឹងសមត្ថភាពសហមន៍កសិកម្ម ការកែច្នៃ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺជំរុញការដាក់ពង្រាយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឱ្យដល់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយបច្ចេកទេសថ្មីទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម និងទីផ្សារបែបឌីជីថល ព្រមទាំងដោះស្រាយបញ្ហាផលិតកម្មជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពពិតប្រាកដ៕ ដោយ៖ វណ្ណ សុជាតា

ads banner