មនុស្សជិត៣០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅម៉ារ៉ុក
រ៉ាបា៖ ចំនួនបឋមរបស់រដ្ឋាភិបាលបានបង្ហាញថា មនុស្សជិត៣០០នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិកទ័របានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិកទ័របានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៊ីហ្វនី ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។

បើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន នៃតំបន់ ភ្នំអាត្លាស់ ក្នុងចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងម៉ារ៉ាកេស។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃម៉ារ៉ុកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា បើតាមសេចក្ដីរាយការេណ៍ជាបឋម គ្រោះរញ្ជួយដីដ៏ខ្លាំងបានសម្លាប់មនុស្ស ២៩៦នាក់ និង១៥៣នាក់ផ្សេងទៀតរងរបួស នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមានអាល់ហាអ៊ូស, ម៉ារ៉ាកេស, អ៊ូអាហ្សាហ្សាត, អាហ្ស៉ីឡាល់, ឈីឆាអ៊ូអា និងតារូដាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
