ជនសង្ស័យ០៤នាក់ ជាមុខសញ្ញាធាក់ និងកាប់ប្លន់យកម៉ូតូក្នុងរាជធានី,ខេត្ត ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈរួចបញ្ចូនទៅតុលាការ
(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធ ករណីធាក់ និងកាប់ប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធាណៈនា ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស តាមច្បាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនសង្ស័យ០៤នាក់ខាងលេីរួមមាន ៖ ទី១/ឈ្មោះ ជា ឆៃហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣/ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ និងទី៤/ឈ្មោះ ដេត បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដោយជនសង្ស័យខាងលេីនេះត្រូវកម្លាំងជំនាញបង្ក្រាបនិងឃាត់ខ្លួនបាននៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IR-6729 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ចាន់ រតនា) ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅសេរី ឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KE-1726 មានលេខតួ និងលេខម៉ាស៊ីន0069697 (របស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន) ។ ក្នុងនោះក៏មានសម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ1Z-1835 ។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌ ដង្កោ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការជិះម៉ូតូល្បាតក្នងភូមិ សាស្ត្រ រហូតដល់វេលាម៉ោង០៥និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានឃើញជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿង ឆ្វែលចុះឆ្វែលឡើងនៅលើផ្លូវ១០៤ ត្រង៉ចំណុចខាងមុខបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែជនសង្ស័យ បាន គេចខ្លួន រួចកម្លាំងសមត្ថកិច្ចយើងក៏បានដេញតាមរហូតដល់ឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងឃ្លាំងជីខាងលើ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួន បាន ជនសង្ស័យចំនួន០៤នាក់រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ តាមនីតិវិធី ។ ចំណែកជនសង្ស័យ០២នាក់ ទី០១ឈ្មោះ សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ វូ ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ ម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស មិនស្គាល់ផ្លាកលេខ គេចខ្លួនបាត់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០៤នាក់ ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥និង៤០នាទី ពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ1Z-1835 ចំនួន០១គ្រឿង ត្រង់ចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ វូ និងឈ្មោះ សាក់ ជាអ្នកយកទៅលក់ នៅ ខេត្តតាកែវ បានលុយចែកគ្នាស៊ីចាយទាំងអស់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនរងគ្រោះ ទើបដឹងថា ករណី ធាក់ ប្លន់ខាងលើ មានជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ហើយសមត្ថកិច្ចក៏បានទាក់ទងទៅជនរងគ្រោះមកមើលមុខជនសង្ស័យ ស្គាល់ថា ក្រុមជនសង្ស័យ នេះ ពិតជាបាន ធ្វើសកម្មភាពធាក់ និងកាប់ ប្លន់យកម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឱ្យជនរងគ្រោះរងរបួស កំភូនដៃ ខាងឆ្វេងមួយកាំបិត និងដួល ម៉ូតូរងរបួសក្បាល ចង្ការ កើម ម្រាមដៃខាងស្តាំ ទៅព្យាបាលនៅទីលំនៅរបស់ជនរងគ្រោះខាងលើ ទើបជនរងគ្រោះមិនបានមករាយការណ៍ និងដាក់ពាក្យ បណ្តឹង ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ហើយជនរងគ្រោះស្គាល់មុខថា ក្រុមជនសង្ស័យនេះ ជាអ្នកធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ជីម ភារ៉ា