សហព័ន្ធស្រូវអង្ករកម្ពុជា៖ស្ថានភាពនៃតម្លៃស្រូវបាននិងកំពុងត្រឡប់មកជាធម្មតាវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ស្ថានភាពនៃការឡើងថ្លៃស្រូវ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ដែលស្ថានភាពនេះបាននិងកំពុងត្រឡប់មកជាធម្មតាវិញ ខណៈដែលអំឡុងពេលស្រូវឡើងថ្លៃស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងឯកជន បានខិតខំជំរុញឱ្យកសិករលក់ស្រូវដោយទទួលបានតម្លៃល្អ និងបានសម្រួលដល់ការដឹកជញ្ជូនផងដែរ។

បើសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនិងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលមួយរយៈនេះមានការកើនឡើងដែល មិនធ្លាប់មាន គឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវប្រភេទ អ៊ូអឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្ដើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។

ប្រភពដដែលបន្តថា នៅក្នុងអំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវនិងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។

ទោះជាបែបនេះក្តីសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា៖«ស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេល ដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារ ក្នុង១តោន សម្រាប់អង្ករស។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឱ្យបងប្អូនប្រជាកសិករទាំងអស់ មេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះផងដែរ»។

ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឯកឧត្តម យ៉ង សាំងកុមារ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី៨ ខែកញ្ញាដែរថា តម្លៃអង្ករខ្មែរសម្រាប់ការនាំចេញនៅច្រកកំពង់ផែ សម្រាប់អង្ករអត្រាបាក់ ៥ ភាគរយ។ ដោយនៅថ្ងៃទី៨ ខែកញ្ញា អង្ករសែនក្រអូប (SKO) តម្លៃ ៨២០ ដុល្លារ ក្នុងមួយតោន ,តម្លៃអង្ករបាយសធម្មតា ៧២០ ដុល្លារ ក្នុងមួយតោន គឺសែនក្រអូបថ្លៃជាង ១០០ ដុល្លារ ក្នុងមួយតោន។

ឯកឧត្តមសង្កត់ធ្ងន់ថា៖« ប្រៀបធៀបទៅចុងខែសីហាតម្លៃអង្ករចុះថោក ១៥ ដុល្លារ ក្នុងមួយតោនសម្រាប់សែនក្រអូប និង ១០ ដុល្លារក្នុងតោនសម្រាប់អង្ករសបាយធម្មតា។ ជាទូទៅស្ថានភាពតម្លៃស្រូវនៅតែបន្តមានតម្លៃល្អសម្រាប់កសិករ»។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ – ១ ២៥០ រៀល ក្នុងគីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញ បង្ហូរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។

ជាមួយគ្នានោះដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ គឺបាននិងកំពុងខិតខំប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសនិយមណាមួយមកបង្កើតភាពវឹងវរ(វិទ្ធង្សនា)មកលើតម្លៃស្រូវដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួន។

សូមជម្រាបថា ចំពោះតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រៀបធៀប នឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម ៩០០ រៀល/គីឡូក្រាម ឡើងទៅដល់ ១ ៣០០ រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ ១៥០០រៀលក្នុងមួយគីឡូក្រាមនៅព្រំដែននៃប្រទេសវៀតណាម។

ចំពោះការឡើងថ្លៃស្រូវនេះ ទាំងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ថា គឺដោយសារកត្តា មួយចំនួន៖«ការផ្អាកនាំអង្ករសចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាល មកពីឥទ្ធិពលនៃកម្ដៅ រាំងស្ងួត អ៊ែលនីខូ (Enlno) លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។ ហើយប្រទេស ដែលពឹងផ្អែកលើការនាំចូលអង្ករមានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនួ (Enlno) នេះដែរ ក៏សម្រុកទិញស្រូវអង្ករ ទាំងបង្ខំជា ហេតុធ្វើឱ្យតម្លៃស្រូវ និងអង្ករ លើទីផ្សារ ជាពិសេសនៅក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ ទៅ ជាង ៧០០ដុល្លារក្នុងមួយតោន ដែលកត្តាទាំងនេះធ្វើឱ្យមានតម្រូវការស្រូវខ្ពស់សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាងដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាចាប់ផ្ដើមប្រមូលផលស្រូវស្រាលដើមរដូវវស្សាមុនប្រទេសក្បែរខាងយើងផងដែរ៕ ដោយ៖ វណ្ណ សុជាតា

ads banner