កម្ពុជា រួមនឹងប្រទេសនិងកោះទាំង១២ទៀត ចាប់ផ្តើមពិភាក្សាគ្នាពីការគ្រប់គ្រងសំណល់រឹង តាមរយៈវិធីសាស្រ្តសេដ្ឋកិច្ចចក្រា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជារួមនឹងប្រទេសនិងកោះទាំង១២ផ្សេងទៀត ចាប់ផ្តើមពិភាក្សាគ្នាពីការគ្រប់គ្រងសំណល់រឹង តាមរយៈវិធីសាស្រ្តសេដ្ឋកិច្ចចក្រា(Circular Economy)ដើម្បីពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹងប្រកបដោយប្រសិទ្ធភាព ពោលប្រែក្លាយកាកសំណល់ទៅជាវត្ថុដែលមានប្រយោជន៍ឡើងវិញ សំដៅរួមចំណែកដល់បរិស្ថាន ។

កិច្ចពិភាក្សានេះបានធ្វើនៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circular Economy) ក្នុងកំឡុងពេលអន្តរកាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតំណាងឱ្យកម្ពុជាចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ក្រៅពីនេះក៏មានអ្នកជំនាញមកពីប្រទេស និងកោះចំនួន១២ប្រទេសផ្សេងទៀត រួមមាន ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន ។

ប្រភពក្រសួងបន្តថា កិច្ចពិភាក្សានេះក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។

តាមរយៈកិច្ចពិភាក្សានេះប្រទេសទាំង១៣បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារអាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជនសំដៅធានាអនុវត្តគម្រោងគ្រប់គ្រងសំណល់រឹងឱ្យបានជោគជ័យ។

និយមន័យនៃសេដ្ឋកិច្ចចក្រាសំដៅដល់វិធីសាស្រ្តមួយក្នុងការកែប្រែវត្ថុដែលជាកាកសំណល់រឹងឱ្យក្លាយជាវត្ថុមានប្រយោជន៍ឡើងវិញ មានន័យថាទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ក៏ជួយកាត់បន្ថយកំណើនបរិមាណសំណល់ និងរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០៣០។ សេដ្ឋកិច្ចចក្រា (Circular Economy) មានគោលបំណងរក្សាវត្ថុធាតុដើម ដើម្បីប្រើប្រាស់ឡើងវិញម្តងហើយម្តងទៀត៕ ដោយ៖ វណ្ណ សុជាតា

ads banner