មន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមានការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឱ្យបានច្រើនដើម្បីបន្តថែរក្សាកម្មវិធីប្រពៃណីខ្មែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកទឹកចិត្តឱ្យមានការរៀបចំតាំងបង្ហាញសេវាកម្មនិងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឱ្យបានច្រើនដើម្បីជួយបន្តថែរក្សាគ្រប់ទម្រង់កម្មវិធីប្រពៃណីទាំងអស់របស់កម្ពុជាឱ្យប្រព្រឹត្តទៅតាមដំណើរពីបុរាណកាលដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកទាំងសម្លៀកបំពាក់និងការរៀបចំវិធីផ្សេងៗ។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានជំរុញបែបនេះ នៅក្នុងពិធីប្រកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការការតាំងបង្ហាញសេវាកម្ម និងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ ដែលគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរៀបចំដោយក្រុមហ៊ុនឈូកប្រណិតនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកជំទាវបញ្ជាក់ថា៖ « ជាពិសេសសំដៅដល់ប្អូនៗយុវវ័យយុវជនយុវនារីពេញវ័យ ដែលជាមុខសញ្ញាក្នុងការជ្រើសរើសគូស្រករប្អូនៗក្មួយៗគឺជាកម្លាំងពិតនៅក្នុងការអនុវត្តការការពារនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលដែលជាអាវុធមុខពីរ»។

ជាមួយគ្នានេះលោកជំទាវក៏បានស្នើឱ្យប្អូនៗក្មួយៗដែលបានចូលរួមតាំងបង្ហាញសេវាកម្មនិងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ត្រូវចេះគិតគូរចេះថ្លឹងថ្លែងនិងត្រូវចេះយកបណ្ដាញសង្គមទាំងអស់មកប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់សង្គមជាតិជាពិសេសទៅទៀតនោះអ្នកដែលមានឈ្មោះល្បីៗក្នុងបណ្ដាញសង្គមក៏ដូចជា ហ្វេសប៊ុក(Facebook)តិកតុក(Tiktok)និងអ៊ីនស្តាក្រាម(Instagram)ជាដើម។

លោកជំទាវ ឡង់ឌី សាន់ណារ៉ា បានថ្លែងថា៖ « ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមកោតសសើរ គាំទ្រលើកទឹកចិត្តឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីជាការផ្សព្វផ្សាយ ជាការរំឭក ជាការដាស់តឿនកូនខ្មែរឱ្យប្រកាន់ខ្ជាប់នូវទស្សនៈជាតិខ្មែរ ហើយត្រូវចាំថា ខ្មែរគឺជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ មានសម្លៀកបំពាក់ដោយពិតប្រាកដ ទៅតាមពេលវេលា តាមកម្មវិធីផ្សេងៗ មិនច្របូកច្របល់និងមានការបែងចែកដាច់ដោយឡែកពីគ្នា»។

បើតាមក្រុមហ៊ុនឈូកប្រណិត កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ ត្រូវបានរៀបចំធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ OCIC អគារ E F G រយៈពេល ៣ ថ្ងៃចាប់ពី ទី ០៨-០៩-១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលប្រមូលផ្តុំទៅដោយសេវាកម្មមង្គលការល្បីៗ ជាង ៥០ ក្រុមហ៊ុន៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner