ស៊ីម៉ាក់ និងក្រុមឯកទេសមុជទឹក បានយកគ្រាប់យុទ្ធភណ្ឌចំនួន១១២ គ្រាប់ចេញពីទន្លេក្នុងខេត្តព្រៃវែង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឯកទេសមុជទឹកនៃបញ្ជាការដ្ឋានទ័ពពិសេស សហការជាមួយក្រុមការងារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ បានរុករកឃើញគ្រាប់មិនទាន់ផ្ទះ និងបំណែកដែកទម្ងន់សរុបប្រមាណ២០០គីឡូក្រាមនៅក្នុងទន្លេ នៃស្រុកពាមជរ ខេត្តព្រៃវែង។

ឯកឧត្តមឧត្តមសេនីយ៍ ស៊ុំ សំណាង មេបញ្ជាការស្តីទីបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣នេះបញ្ជាក់ថា ក្រុមឯកទេសមុជទឹកនិងក្រុមប្រតិបត្តិការរុករកសង្គ្រោះគ្រោះ មហន្តរាយលេខ៩១១នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន១៥នាក់សហការសហការជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ចុះយកគ្រាប់ នៅចំណុច ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ការដ្ឋានទី៥ ក្នុងភូមិសាស្ត្រខាងលើ។ ក្នុងនោះរកឃើញគ្រាប់ ១៥៥មីលីម៉ែត្រ,១០៥ មីលីម៉ែត្រ, ដេកាហ្សិត ៧៥ មីលីម៉ែត្រ, អឹមតេ ៨១ មីលីម៉ែត្រ, អឹមតេ ៦០ មីលីម៉ែត្រ, គ្រាប់៤០ និងគ្រាប់បែក សរុបគ្រាប់ចំនួន ១១២គ្រាប់, សំបកគ្រាប់ចំនួន ២សំបក និងបំណែកដែកទម្ងន់ ២០០គីឡូក្រាម។

ឯកឧត្តមឧត្តមសេនីយ៍ ស៊ុំ សំណាង សង្កត់ធ្ងន់ថា ៖«ការរុករក នេះធ្វើឡើងរហូតដល់ស្រង់គ្រាប់អស់ពីក្នុងទឹក នៅក្នុងភូមិសាស្ត្រខាងលើទើបបិទបញ្ចប់ការរុករក»។ នេះបើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងវេទិកាសាធារណៈស្តីពីការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ នៅស្រុកលើកដែក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានថ្លែងថា កិច្ចប្រតិបត្តិការរុករកគ្រាប់ក្នុងទឹក មានការគិតគូរនិងការប្រើប្រាស់សម្ភារបច្ចេកទេសទាន់សម័យ មានរូបភាពផែនទីច្បាស់លាស់ណាស់។ លោកបានបន្តថា ការបូមខ្សាច់ដើម្បីបម្រើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោនលិចក្រោមដីបាតទន្លេ ស្ថិតតែនៅផ្នែកខាងលើនៃក្បាលកោះ។

លោកបន្តថា កិច្ចប្រតិបត្តិការនេះ គ្មានហេតុផលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ឬត្រូវបាក់ដីបាត់កោះពាមរាំង ដែលទំហំបណ្តោយជិតប្រមាណ ៤.៥០០ម៉ែត្រនោះទេ ព្រោះកិច្ចប្រតិបត្តិការនេះដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសង្គមជាតិ ក៏ដូចគាំទ្រការអភិវឌ្ឍនប្រទេសជាតិផងដែរ។

បើតាម ឯកឧត្តម ហេង រតនា គិតចាប់ពីថ្ងៃចាប់ផ្តើម រហូដល់ខែកុម្ភៈ ឆ្នាំ ២០២៣ កិច្ចប្រតិបត្តិការ កន្លងទៅសម្រេចបានលទ្ធផលស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២៧០៧ គ្រាប់ ក្នុងនោះមានគ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាលចំនួន២ដើម គិតជាទម្ងន់សរុបជាង ៤០ តោន៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner