មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ វត្តមានរបស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានធ្វើឱ្យនយោបាយការទូតរបស់កម្ពុជាមានភាពជោគជ័យ

ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានលើកឡើងថា បើមើលទៅលើទិដ្ឋភាពការទូតឃើញថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺបានធ្វើឱ្យនយោបាយការទូតរបស់ប្រទេសកម្ពុជាមានភាពជោគជ័យ និងធ្វើឱ្យទំនាក់ទំនងការទូតដោយមិនរើសអើងរបស់ប្រទេសកម្ពុជាជាមួយនឹងបណ្តាប្រទេសជាមិត្តទាំងអស់កាន់តែមានភាពរឹងមាំឡើង។ នេះបើយោងតាមលិខិតអបអរសាទររបស់លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

គណបក្សធម្មាធិបតេយ្យ បានសម្តែងនូវសេចក្ដីគោរពប្រកបដោយសេចក្តីសោមនស្សរីករាយជាអនេក ចំពោះភាពអង់អាចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយទទួលបានភាពជោគជ័យដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។

គណបក្សធម្មាធិបតេយ្យ មើលឃើញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាតំណាងថ្មីមួយដ៏ស័ក្តិសមបំផុតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបេសកកម្មអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបេសកកម្មនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ដែលប្រទេសក្នុងអាស៊ានកត់សម្គាល់ទុក និងត្រៀមសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner