សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួមអបអរសាទរសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ចំពោះការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្រេចបានជោគជ័យយ៉ាងធំធេងជាទីមោទនៈ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេចជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសម្តែងនូវក្ដីគោរពអបអរសាទរ ចំពោះភាពអង់អាចរបស់សម្ដេចមហាបវរធិបតី និងគោរពកោតសរសើរ និងមានមោទនភាពជាទីបំផុតចំពោះសមត្ថភាពចំណេះដឹងផ្នែកភាសារបស់សម្ដេចធិបតី ជាពិសេសសម្តេចជាមេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន៕
ដោយ៖ពលជ័យ
